សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យ«មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» តម្លៃជិត ៥០លានដុល្លារ


នៅព្រឹក ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលគម្រោងថវិកាជិត ៥០លាន ដុល្លារអាមេរិក ដែលជាជំនួយរបស់មិត្តចិន។

មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលបានបើកការដ្ឋានសាងសង់នៅព្រឹកនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បន្ទាប់ពីគម្រោងសាងសង់មន្ទីរពេទ្យ «មិត្តភាព កម្ពុជា-ចិន ព្រះកុសុម:» ដែលជាគម្រោងទី១ ដែលបានចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺសាងសង់លើផ្ទៃដី ២៤,៣០០ម៉ែត្រការ៉េ នៅលើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងសាងសង់គឺមានរយ:ពេល៤០ខែ ដែលនឹងចំណាយទឹកប្រាក់ប្រមាណ ៤៥,៦៦០,០០០ដុល្លារអាមេរិក។ មន្ទីរពេទ្យដ៏ធំនេះមានទីធ្លាធំទូលាយ ហើយបំពាក់ទៅដោយគ្រឿងបរិក្ខារ ពេទ្យទំនើបៗទៀតផង។

សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយដែលបានមកអញ្ជើញមកបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅត្បូងឃ្មុំ។ សម្តេចតេជោ បានចាត់ទុកជាសមិទ្ធផលជាតិមួយយ៉ាងសំខាន់នៃផ្នែកសុខាភិបាល សំរាប់បំរើប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងសម្រាប់ខេត្តផ្សេងៗទៀតដែលនៅជិតខេត្តនេះផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយប្រទេសកម្ពុជាលើការកសាងសមិទ្ធផលជាតិជាច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន មន្ទីរពេទ្យ និងវិស័យផ្សេងៗ ជាច្រើនទៀត។ បច្ចុប្បន្ននេះ វិនិយោគគិនចិនគឺជាអ្នកមកវិនិយោគធំជាងគេនៅក្នុង ប្រទេសកម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងផ្តល់ការងារដល់ពលរដ្ឋកម្ពុជាយ៉ាងច្រើនទៀតផង។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកអនុស្សាវរីយ៍របស់សម្តេច ក្នុងសម័យតស៊ូរំដោះ ប្រទេសជាតិបាន រួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតដែលសម្តេចមានអនុស្សាវរីយ៍ជូរចត់យ៉ាងច្រើន នៅក្នុងតំបន់នៃខេត្តនេះផ្ទាល់តែម្ដង។ ជាពិសេសទីនេះគឺជាទឹកដីដែល សម្ដេចតេជោ បានរៀបអាពាហ៍ពិពាហ៍ ហើយក៏ជាទីកន្លែងដែលកូនទី១របស់សម្តេចបានចាប់កំណើតនឹងទទួលមរណៈនៅលើទឹកដីនៃខេត្តត្បូងឃ្មុំ ដែលពីមុនជាខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអណរគុណជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងខេត្តត្បូងឃ្មុំ ដែលបានជួយយកអាសារសម្តេចក្នុងសម័យរំដោះប្រទេសជាតិ និងអរគុណចំពោះបងប្អូន ប្រជាពលរដ្ឋមួយទៀត ដែលបានចូលរួមក្នុងចលនាតស៊ូរំដោះប្រទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ និងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអណត្តិកន្លងមកដែលបានផ្តល់ឱកាសអោយសម្តេចបានដឹកនាំអភិវឌ្ឍន៍កម្ពុជាអោយរីកចម្រើនមកទល់សព្វថ្ងៃ។ បងប្អូនបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺបងប្អូន បោះឆ្នោតអោយខ្លួនឯង ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍអោយកាន់តែរីកចម្រើនខ្លាំងថែមទៀត។

ប្រភព៖ Page Samdech Hun Sen, Cambodian Prime Minister