សម្តេចតេជោ ហ៊ុន សែន បញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូ ពី ៦០០០០រៀល មក ២៥០០០រៀល និងអនុញ្ញាតមិនឲ្យប្តូរចង្កូតស្តាំ តែហាមដាច់ខាតមិនឲ្យបន្តនាំចូល


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចុះតម្លៃ ធ្វើប័ណ្ណបើកបរម៉ូតូ ពី៦០០០០រៀល មកនៅត្រឹមតែ ២៥០០០រៀលប៉ុណ្ណោះ ហើយសម្តេចបានប្រកាស អំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងអស់នាំគ្នា ទៅធ្វើប័ណ្ណបើកបរម៉ូតូ និងប្រកាសបន្ត អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ដោយមិនរាថយឡើយ។

 
សម្តេចតេជោ ប្រកាសដូច្នេះ ក្នុងឱកាសសម្តេច អញ្ជើញជាអធិបតី បើកសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស៥មករា នៅជាប់សាលាតិចណូ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ។
 
ការប្រកាសរបស់សម្តេច បានធ្វើឡើង បន្ទាប់ពីមាន ប្រជាពលរដ្ឋជាច្រើន បានសម្តែងក្តីកង្វល់ និងស្នើសម្តេចតាមទំព័រ Facebook របស់សម្តេច ឲ្យផ្តល់ការអនុគ្រោះ ទៅលើការធ្វើប័ណ្ណបើកបរម៉ូតូ ដែលមានតម្លៃថ្លៃ។
 
សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា ការធ្វើប័ណ្ណបើកបរម៉ូតូចាស់ ដែលមានតម្លៃ ៧៤០០០រៀល បូករួមទាំង ពិនិត្យសុខភាពនោះ ពេលនេះធ្លាក់មកនៅត្រឹម ២៥០០០រៀល ហើយ មិនតម្រូវឲ្យមានការប្រឡង ឬពិនិត្យសុខភាពនោះឡើយ។ តែស្នើឲ្យមានការផលិត ស្ពតអប់រំពីច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
 
សម្តេចតេជោ ក៏បានប្រកាសផងដែរថា សម្រាប់អ្នកដូរប័ណ្ណបើកបរម៉ូតូ យកតម្លៃត្រឹម ២ម៉ឺនរៀលប៉ុណ្ណោះ ។
 
សម្តេច បានមានប្រសាសន៍ ប្រកាសបំពេញតាមសំណូមម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ផងដែរ ដោយអនុញ្ញាតឲ្យពួកគេបន្តប្រើប្រាស់រថយន្តចង្កូតស្តាំ តែហាមដាច់ខាតមិនឲ្យបន្តនាំរថយន្តចង្កូតស្តាំងចូលទៀតនោះឡើយ។
 
ការអនុញ្ញាតឲ្យប្រើប្រាស់រថយន្តចង្កូតស្តាំ បានធ្វើឡើងបន្ទាប់ពីម្ចាស់រថយន្តដឹកដីមានចង្កូតស្តាំប្រមាណជា ៤០០គ្រឿង បានទទូចសុំ រាជរដ្ឋាភិបាលសុំត្រឹមតែបង់ពន្ធ តែមិនដូចចង្កូត។ សម្តេចតេជោ បានហៅការអនុញ្ញាតឲ្យប្រើរថយន្តចង្កូតស្តាំងនេះ គឺជាកាដូរមួយ សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៦នេះ៕
1
2
3