ត្បូងឃ្មុំ: ឯកឧត្តមជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ គឺផ្ដើមចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ និងនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី ទើបប្រជាពលរដ្ឋយើង មានឱកាសបានកសាងនូវ សមិទ្ធផលជាច្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៥ នៅក្នុងបរិវេណវត្តច័ន្ទរស្មី ហៅវត្ត ច័ន្ទនិមិត្ត ស្ថិតនៅឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ បានប្រារព្ធពិធីសម្ពោធ សមិទ្ធផលនានា ដាក់ប្រគេនព្រះសង្ឃ និងជូនពុទ្ធបរស័ទ ប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាលោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ។
មានប្រសាសន៍ក្នុងពិធីនេះ លោក ជា សុផារ៉ា បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋ ទូទាំងស្រុកត្បូងឃ្មុំ និងបានកោតសរសើរអតីតព្រះចៅអធិការ គណៈកម្មការវត្ត គ្រប់ជំនាន់ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សប្បុរសជន ពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លា ជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងថវិកា កសាងសមិទ្ធផលនានា ជាពិសេសសមិទ្ធផលថ្មីៗ ក្នុងវត្តច័ន្ទរស្មី នេះ ដែលជាការរួមចំណែក យ៉ាងធំធេង លើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ។
លោករដ្ឋមន្ដ្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ គឺ ផ្ដើមចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ និង នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហា សេនាបតីតេជោ នាយករដ្ឋមន្ដ្រី ទើបប្រជាពលរដ្ឋយើង មានឱកាសបានកសាងនូវសមិទ្ធផលជាច្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។ រាជរដ្ឋាភិបាល នីតិកាលទី៥ បានបន្តអនុវត្តយុទ្ធសាស្ដ្រ ចតុកោណដំណាក់កាលទី ៣ ដោយធ្វើកំណែទម្រង់ លើគ្រប់វិស័យ ដើម្បីលើកកម្ពស់អភិបាលកិច្ច ពង្រឹងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងបានកែសម្រួលលើប្រព័ន្ធ ប្រាក់បៀវត្សរ៍ ដើម្បីតម្លើងប្រាក់បៀវត្ស ជូនមន្ដ្រីរាជការស៊ីវិល កងកំលាំង ប្រដាប់អាវុធ គ្រប់ប្រភេទ កម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស និវត្តន៍ជន ឲ្យមានជីវភាព កាន់តែប្រសើរជាងមុន ។
ជាមួយនេះ លោក ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវខិតខំអនុវត្តជាប្រចាំ នូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដើម្បីប្រជាពលរដ្ឋរស់នៅ និងប្រកបមុខរបរ ប្រកបដោយភាពសុខុដុម ។
លោក កេង ប៊ុនណ្ណា អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា វត្តច័ន្ទរស្មី បានចាប់ផ្ដើមកសាងដំបូង នៅឆ្នាំ ១៩៩០ ឆ្លងកាត់ព្រះចៅអធិការ ៧ អង្គ ដោយមានការជួយឧបត្ថម្ភគាំទ្រពី ពុទ្ធបរិស័ទ ក្នុង និងក្រៅប្រទេស ធ្វើឲ្យសមិទ្ធផលនានា ក្នុងទីអារាមនេះ មានការរីកចម្រើន ជាបន្តបន្ទាប់ រួមមាន ព្រះវិហារ ឧបដ្ឋានសាលា កុដិធ្វើអំពីថ្ម និងឈើ របងវត្ត ក្លោងទ្វារ អណ្ដូងទឹក បន្ទប់ទឹក អាងស្តុកទឹក ជាដើម ។ សមិទ្ធផល ដែលកំពុងប្រារព្ធពិធីសម្ពោធ នាពេលនេះ រួមមាន៖ ឧបដ្ឋានសាលាទំហំ ២០,២០ ម x ៣០,៥០ ម កុដិធ្វើអំពីថ្មទំហំ ១១,៤០ x ១០,៤០ ម របង និងក្លោងទ្វារវត្ត ដោយចំណាយថវិកាសរុប ១៤៧.០៣៣ ដុល្លារអាមេរិក បានមកពីសទ្ធាជ្រះថ្លារបស់ ពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស ក្នុងនោះក៏មានការរួមចំណែក របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំផងដែរ ។
តមក គណអធិបតី បានបំពាក់មេដាយ ជូនសប្បុរសជនចំនួន ២៨ អង្គ/នាក់ និងប្រគេនបច្ច័យ អំណោយរបស់ សម្ដេចនាយករដ្ឋមន្ដ្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់វត្តច័ន្ទរស្មីចំនួន ៥ លានរៀល សម្រាប់បន្តកសាងកុដិ និងឧបត្ថម្ភ ជាថវិកា និងស៊ីម៉ង់តិ៍ដល់វត្តព្រះពុទ្ធសាសនា និងវិហារឥស្លាមមួយចំនួន នៅក្នុងឃុំ សាលាស្រុកត្បូងឃ្មុំ សាលាឃុំរកាពរប្រាំ ជូនតាជី យាជីចំនួន ៥០នាក់ ម្នាក់ៗ ក្រណាត់ស ១ដុំ ថវិកា ១ ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ វិទ្យាល័យ និងអនុវិទ្យាល័យ ហ៊ុន សែន ត្រពាំងឬស្សី សាលាបឋមសិក្សាច័ន្ទនិមិត្ត និងគ្រូពេទ្យមណ្ឌលសុខភាព សរុប ៨៧ នាក់ ម្នាក់សារុង ១ សិស្សានុសិស្ស ១ ២២០ នាក់ ម្នាក់ទទួលបានសៀវភៅ ២ ក្បាល បិច ១ដើម ព្រមទាំងអញ្ជើញកាត់ខ្សែបូរសម្ពោធឧបដ្ឋានសាលា កុដិ របង និងក្លោងទ្វារវត្តច័ន្ទរស្មី ប្រគេនព្រះសង្ឃ និងជូនពុទ្ធបរិស័តប្រើប្រាស់ តរៀងទៅ៕
សមិទ្ធផលជាច្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ កើតឡើងក្រោយពេល មានសុខសន្តិភាព
