គ្រូបង្រៀន​នឹង​ទទួល​ប្រាក់ខែ​ទាប​បំផុត ២០០ដុល្លារ ក្នុង​ឆ្នាំ២០១៦


ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពី​គោលដៅ​របស់​រដ្ឋាភិបាល​ ជាថ្មី​ម្តងទៀត ក្នុង​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​នៅ​ឆ្នាំ ២០១៦ខាងមុខនេះ ។ ពី​ពិធី​សម្ពោធ​ស្ពាន មិត្តភាព​កម្ពុជា-ចិន (ជ្រោយចង្វារ​ទី២) នៅ​ថ្ងៃទី២២ តុលា​នេះ លោកនាយក​រដ្ឋមន្ត្រី​អះអាងថា រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល និង​ប្រាក់ខែ​កងកម្លាំងប្រដាប់អាវុធ ជា​ពីរ​ដំណាក់កាល គឺ​ក្នុង​ខែមករា និង​មុន​ចូលឆ្នាំ​ប្រពៃណីជាតិ នៅក្នុង​ឆ្នាំ២០១៦ ខាងមុខ។  បើតាម​លោកនាយក​រដ្ឋមន្ត្រី គ្រូបង្រៀន​ទូទាំង​នឹង​ទទួល​ប្រាក់ខែ​ទាប​បំផុត ២០០ដុល្លារ ក្នុង​មួយខែ នៅ​ឆ្នាំ២០១៦ ។

គួររម្លឹកថា កាលពី​ចុងខែ​មករា ឆ្នាំ២០១៥នេះ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ខេត្តស្វាយរៀង ថា ការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ និង​កង​ម្លាំ​ង​ប្រដាប់អាវុធ នឹងធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ។ កាលណោះ លោក​ថា នៅ​ឆ្នាំ ២០១៨ ខាងមុខនេះ ទាំង​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល និង​ប្រាក់ខែ​កងកម្លាំងប្រដាប់អាវុធ រដ្ឋាភិបាល​របស់លោក នឹង​ដំឡើង​យ៉ាងតិច ក៏ ១លាន​រៀល​ដែរ។
គួរ​រម្លឹក​ផងដែរ ក្រៅពី​ដំ​ឡើងដល់​មន្ត្រីរាជការ​ស៊ីវិល កាលពី​ថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៥កន្លងមក រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ថ្មី​ស្តីពី​ការកំណត់ ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ប្រធាន​ក្រុមប្រឹក្សាឃុំ​សង្កាត់ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ដែរ។ ប្រាក់ឧបត្ថម្ភ​ថ្មី​នោះ ប្រធាន និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួល​ប្រាក់ខែ​ថ្មី ពី៣៥ម៉ឺន ដល់៥៧ម៉ឺន​រៀល៕
(ដកស្រង់ពី http://www.thmeythmey.com/)
102215 Hun Sen Chroy Changvar