ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចចក្រី ហេង សំរិន ចុះពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជាង១៥០០នាក់ នៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ចុះពិនិត្យនិងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ នៅក្រុងសួង ដោយឥតគិតថ្លៃ។

សកម្មភាពមនុស្សធម៍នេះ គឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយមិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឳកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងសកម្មចាប់ពីតំបន់ប្រជុំជន រហូតដល់តំបន់ជនបទដាច់ស្រយ៉ាល ជាលទ្ធផលដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីវឌ្ឍនៈភាពជាជំហ៊ានៗ ឈរលើប្រតិបត្តិការយ៉ាងសកម្ម នៃវិស័យសុខាភិបាល ក្នុងការថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋ ពិតជាបានកែលម្អ ជាពិសេសទៅលើអត្រាមរណៈភាពមាតា ទារក និងកុមារ ត្រូវបានកាត់បន្ថយគួរឲ្យកត់សំគាល់ ។

ឯកឧត្តម ប៉ែន កុសល្យ បន្តថា ទន្ទឹមនោះដែរ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តវិស័យសុខាភិបាល ត្រូវបានកែលម្អពង្រីក និងលើកកម្ពស់ជាប្រចាំ ទៅលើការផ្តល់សេវាសុខាភិបាលតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក រួមមាន: សេវាសម្ភពបន្ទាន់ សេវាសង្គ្រោះបន្ទាន់ សេវាថែទាំទារក និងកុមារ ក៏ដូចជាសេវាអន្តរាគមន៍សុខភាពសាធារណៈផ្សេងៗទៀត កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រូវបានជម្រុញឲ្យកាន់តែខិតជិតប្រជាពលរដ្ឋតាមមូលដ្ឋាន ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីរពេទ្យ និងមណ្ឌលសុខភាព សូមបន្តយកចិត្តទុកដាក់ត្រួតពិនិត្យស្ថានភាពជាក់ស្តែង ក្នុងបរិយាកាសយោគយល់ សាមគ្គីភាព និងនាំមកនូវគំនិតថ្មីៗ សំដៅលើកកម្ពស់សមត្ថភាព និងគុណភាព នៃប្រព័ន្ធសុខាភិបាលទំនើប ធ្វើយ៉ាងណាឲ្យការអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីសុខាភិបាលនៅគ្រប់មូលដ្ឋានទាំងអស់ទទួលបានជោគជ័យខ្ពស់បំផុត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋងាយរងគ្រោះនៅតំបន់ដាច់ស្រយ៉ាល ។

បើតាមការបញ្ជាក់ពី លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចចក្រី ហេង សំរិន ឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ គឺមានបេសកកម្មធ្វើសកម្មភាព ពិនិត្យ និងព្យាបាលជំងឺគ្រប់ទិសទីនៅទូទាំងប្រទេស ទៅតាមកម្មវិធីបេសកកម្មរបស់ខុទ្ទការល័យ និងសម្តេចចក្រី ហេង សំរិន។

លោក កែវ វណ្ណៈ គូសបញ្ជាក់ថា ការពិនិត្យ និងព្យាបាលនេះ ផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ជាតិសាសន៍ និន្នាការនយោបាយ ឬសាសនាអ្វីឡើយ ដោយធ្វើបេសកកម្មក្នុងន័យមនុស្សធម៌ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ។

សូមជម្រាបថា ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចចក្រី ហេង សំរិន បានធ្វើការពិនិត្យ ព្យាបាល ជំងឺទូទៅជូនប្រជាពលរដ្ឋ នៅក្រុងសួង ខេត្តត្បូងឃ្មុំ រយៈពេលពេញ១ថ្ងៃ គឺនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ខណៈតាមគម្រោងអាចទទួលប្រជាពលរដ្ឋដែលមកទទួលសេវាប្រម៉ាណជាង១៥០០នាក់ផងដែរ៕