រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំប្រតិភូសហភាពអុឺរ៉ុប ចុះធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ពីខ្សែសង្វាក់ផលិតកម្មដំណាំម្រេច របស់សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ


(ត្បូងឃ្មុំ): នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូសហភាពអុឺរ៉ុបប្រចាំកម្ពុជា ចុះធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ ពីខ្សែសង្វាក់ផលិតកម្មដំណាំម្រេចរបស់សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតនៅភូមិជាច ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ទស្សនៈកិច្ចនេះ មានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រតិភូក្រសួងកសិកម្ម ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អភិបាលរងខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត កសិករសហគមន៍កសិកម្មទំនើប និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ឲ្យដឹងថា៖ ក្នុងខេត្តត្បូងឃ្មុំ ផ្ទៃដីផលិតកម្មដំណាំមានប្រមាណ ២៩០,៨១៤ ហិកតា ក្នុងនោះដំណាំស្រូវប្រមាណ ៨៨,៥៥០ ហិកតា ដំណាំកៅស៊ូប្រមាណ ៨១,៩១៤ហិកតា ដំណាំដំឡូងមីប្រមាណ ៥៣,៧១០ហិកតា ស្វាយចន្ទីប្រមាណ ៣៦,៤៦០ហិកតា ពោតក្រហមប្រមាណ ១១,៨៣០ហិកតា ក្នុងនោះម្រេចប្រមាណ ៣,៣៧០ហិកតា ។

ឯកឧត្តម ប៉ែន កុសល្យ ឲ្យដឹងទៀតថា តាមការនិយាយតៗគ្នា ដំណាំម្រេច បាននាំយកមកដាំដំបូងតែក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ(ពីមុនខេត្តកំពង់ចាម) ក្នុងទស្សវត្ស១៩៩០ ដោយកសិករចំណាកស្រុកមកពីខេត្តកំពតប្រមាណ ២០គ្រួសារ។ ស្រុកមេមត់ មានផ្ទៃដីដំណាំម្រេចច្រើនជាងគេ គឺប្រមាណ ២,៨០០ហិកតា។ មកដល់ពេលនេះ ដំណាំបានផ្តល់ផលប្រមាណ ១២,៥៩០តោន/ឆ្នាំ។

ឯកឧត្តម បន្តថា ចំពោះទីផ្សារម្រេចគឺ មានក្រុមហ៊ុនចំនួន ៤ តែងប្រមូលទិញពីកសិករក្នុងបរិមាណប្រមាណ ១/៣ នៃបរិមាណផលម្រេចប្រមូលបាន ចំណែកបរិមាណផលម្រេចប្រមាណ ២/៣ ត្រូវលក់ទៅប្រទេសជិតខាង តាមរយៈឈ្មួញកណ្តាល។ ក្នុងទិសដៅលើកកម្ពស់គុណភាពម្រេចឆ្លើយតបតម្រូវការទីផ្សារ កសិករដាំម្រេច ៩១គ្រួសារ ទទួលបានការចុះបញ្ជី “ការអនុវត្តកសិកម្មល្អ(GAP)” ស្មើនឹង ៩១ចម្ការ។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្ត ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ជាសេនាធិការ បានសម្របសម្រួលចងក្រងប្រជាកសិករជាសហគមន៍កសិកម្មបានចំនួន ៣៤សហគមន៍ ក្នុងនោះសហគមន៍កសិកម្មទំនើបចំនួន ១សហគមន៍ ។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាកសិករ ដែលបានចងក្រងគ្នាជាសហគមន៍នាឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនូវចំនុចសំខាន់ៗនៃការបង្កើតសហគមន៍ទំនើបនេះឡើង គឺពិតជាមានសារៈសំខាន់ ចំពោះប្រព័ន្ធកសិ-ចំណីអាហាររបស់កម្ពុជា ។

ឯកឧត្តម ឌិត ទីណា គូសបញ្ជាក់ថា តាមរយៈការចងក្រងកសិករជាសហគមន៍កសិកម្មទំនើប និងជួយពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកធានានូវនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានសម្រាប់កម្ពុជា ។ ក្នុងន័យនេះ ការប្រមូលផ្តុំកសិករ ឲ្យប្រកាន់យកការអនុវត្តប្រកបដោយចីរភាព ពួកគាត់អាចកាត់បន្ថយថ្លៃដើមផលិតកម្ម ពង្រីកអំណាចចរចា ក៏ដូចជាជីវភាពរបស់ពួកគាត់ផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ដើម្បីធ្វើឲ្យមនុស្សនៅក្នុងសហគមន៍របស់យើងទំនើប ចេះគិតគូរធ្វើការរួមគ្នា ផលិតរួមគ្នា មានវិន័យល្អ ក្នុងការធ្វើការងារផលិត ប្រយោជន៍ដើម្បីស្រូបយកទីផ្សារមួយដែលមានស្ថេរភាព និងតម្លៃអាចទទួលយកបាន ពោលគឺកសិករអ្នកផលិតអាចទទួលបានប្រាក់ចំណេញ ។

ឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បញ្ហាកសិកម្មសព្វថ្ងៃត្រូវការការសហការរួមគ្នានឹងដំណោះស្រាយឆ្នៃប្រឌិត ក្នុងនោះក្រុមសហគមន៍អុឺរ៉ុបកំពុងធ្វើការដើម្បីជួយជម្រុញពន្លឿនកំណើនបៃតង និងការងារសមរម្យ នៅក្នុងអាជីវកម្ម កសិកម្ម ពាណិជ្ជកម្មរបស់កម្ពុជា ។

ឯកឧត្តម បន្ថែមថា តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងកសាងភាពជាដៃគូររឹងមាំក្នុងការផ្តល់សិទ្ធិ អំណាចដល់កសិករក្នុងស្រុក បង្កើនផលិតភាព និងការកែឆ្នៃក្នុងស្រុក ព្រមទាំងលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព ។ យើងប្តេជ្ញាគាំទ្រដល់វិស័យកសិកម្មកម្ពុជា និងធានាថាវិស័យនេះអនុលោមតាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់ ។

សូមជម្រាបថា: នៅក្នុងសកម្មភាពចុះស្វែងយល់ដោយផ្ទាល់ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បាននាំយកនូវសម្ភារៈការិយាល័យមួយចំនួនទៅប្រគល់ជូនក្រុមការងារសហគមន៍ទំនើបផងដែរ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានសន្យាផ្តល់នូវថវិការសម្រាប់ការកសាងប្រព័ន្ធបូមទឹកដោយប្រពន្លឺព្រះអាទិត្យដើម្បីសម្រួលដល់ការងារស្រោចស្រព និងកាត់បន្ថយការចំណាយផងដែរ ៕