(ត្បូងឃ្មុំ): នារាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ នៅបុរីរដ្ឋបាលខេត្តត្បូងឃ្មុំ បរិយាកាសអធិកអធម ពលរដ្ឋសប្បាយជួបជុំយ៉ាងច្រើនកុះករកកកុញ រួមជាមួយស្តង់តាំងពិពរណ៍ សម្លេងប្រគុំតន្ត្រី ពន្លឺភ្លើងភ្លឺផ្លេក និងកាំជ្រួចចម្រុះពណ៍ពាសពេញផ្ទៃមេឃ។
ទិដ្ឋភាពដែលផុសត្រដែតឡើង ប្រៀបដូចផ្ទាំងគំនូរនាពេលរាត្រីនេះ ដើម្បីអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ សុទ្ធសឹងស្ថិតក្រោមកត្តាម្លប់សុខសន្តិភាព។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឡើង និងបើកព្រឹត្តិការណ៍នេះ ជាផ្លូវការ ក្រោមការដឹកនាំពីសំណាក់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ឧត្តមភរិយា។
សូមជម្រាបថា: ដើម្បីឲ្យពលរដ្ឋរីករាយសប្បាយជួបជុំ និងដើម្បីអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំការប្រគុំតន្ត្រីខ្នាតធំ តាំងពិពរណ៍ និងបាញ់កាំជ្រួច នៅតំបន់បុរីរដ្ឋបាលទីរួមខេត្តត្បូងឃ្មុំ ចំនួនដល់ទៅ០៧ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ខែសីហានេះ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕