ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ ណែនាំដល់ក្រុមការងារទាំងអស់ ត្រូវពង្រឹងសមាជិកចាស់ ពង្រីកសមាជិកថ្មី ឲ្យខានតែបាន ពិសេសបន្តធ្វើសកម្មភាពឲ្យដូចភ្លៀងរលឹម


(ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់ក្រុមការងារគណៈចលនាមហាជន និងយុវជនគណបក្សទាំងអស់ ត្រូវពង្រឹងសមាជិកចាស់ ពង្រីកសមាជិកថ្មី ឲ្យខានតែបាន ពិសេសបន្តធ្វើសកម្មភាពឲ្យដូចភ្លៀងរលឹម ចុះដល់ស្រុក ឃុំ ភូមិ ក្តាប់ឲ្យជាប់នូវរាល់សំណើរសំណូមពរមូលដ្ឋាន កុំឲ្យមានការឆកល្វែង ពិសេសសកម្មភាពនានារបស់គណបក្សដ៏ទៃទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាប្រធានគណៈចលនាមហាជនគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ របស់គណៈចលនាមហាជនគណបក្ស និងក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ នៅសាលប្រជុំមន្ទីរគណបក្សខេត្ត នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់ក្បាលម៉ាសុីនក្រុមការងារគណៈចលនាមហាជន និងក្រុមការងារយុវជនគណបក្សខេត្ត ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរចនាសម្ព័ន្ធ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យឲ្យក្បាលម៉ាសុីននៃក្រុមការងារទាំង២ទាំងអស់គ្រប់ផែន ពិសេសក្រុមការងារក្រុង-ស្រុកទាំង៧ បន្តចុះបញ្ជ្រាបគោលនយោបាយរបស់គណបក្សដល់ឃុំ-សង្កាត់-ភូមិ និងបន្តដល់សមាជិកទាំងអស់ ពិសេសបញ្ជ្រាបដល់ពលរដ្ឋក្នុងមូលដ្ឋានឲ្យបានជ្រួតជ្រាប ក៏ដូចជាអត្ថប្រយោជន៍នានាជាច្រើនដែលរាជរដ្ឋាភិបាលខិតខំផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការជំរុញឲ្យសមាជិកទាំងអស់ ត្រូវចុះពង្រឹងជួយតាមមូលដ្ឋាន ប្រមូលឲ្យអស់រាល់បញ្ហាប្រឈម សំណើរសំនូមពរចាំបាច់របស់ពលរដ្ឋយកមកដោះស្រាយ ក្តាប់ឲ្យបាននូវសតិអារម្មណ៍ ទាញយកសន្តានចិត្តប្រជាពលរដ្ឋ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យកជ័យជំនះក្នុងការបោះឆ្នោតនាពេលខាងមុខនេះ៕