ម្ចាស់ជើងឯកកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី២ ឆ្នាំ២០២៣ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានរកឃើញហើយ ក្រោមក្រសែភ្នែកអ្នកចូលរួមទស្សនាផ្ទាល់ប្រមាណ ១៥,000នាក់


(ត្បូងឃ្មុំ): អបអរសាទរពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី២ ឆ្នាំ២០២៣ ក្នុងស្រុកក្រូចឆ្មារ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឆាយ វណ្ណា ប្រធានផ្នែក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនខេត្ត ដែលធ្វើឡើងនៅទីលានបាល់ទាត់ក្នុងឃុំជំនីក ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃ១០ ខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត  ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលស្រុក អាជ្ញាធរស្រុក ឃុំ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស ក្រុមកីឡាករ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១៥,000នាក់។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការលេងកីឡាដើម្បីសុខភាព តែបើប្រទេសជាតិមិនមានសន្តិភាព ក៏យើងទាំងអស់គ្នាមិនបានជួបជុំលេងកីឡាជាមួយគ្នាបានឡើយ។

យើងត្រូវ អរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលខិតខំការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសរហូតបានមកដល់សព្វថ្ងៃនេះ ពិសេសព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ៧ មករា ឯកឧត្តម ហ៊ុន ម៉ាណែត រដូវកាលទី២ ឆ្នាំ២០២៣ ស្រុកក្រូចឆ្មារនេះ គឺដើម្បីអបអរ រំលឹក ចង់ចាំ នៅថ្ងៃកំណើតទី២ គម្រប់៤៤ឆ្នាំ នៃទិវារជ័យជំនះ ០៧ មករា។

គណៈអធិបតីទាំងពីររូប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវនាំគ្នាលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវសុខភាពល្អ ទំនាក់ទំនងល្អ មានមេត្រីភាព សាមគ្គីភាព មិត្តភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងអនាគតរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។

សូមជម្រាបថា: ចំពោះការរៀបចំការប្រកួតនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឧបត្ថម្ភថវិកា០៥លានរៀល ព្រមទាំងសប្បុរសជននានា។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៥ថ្ងៃ ដែលមានក្រុមបាល់ទាត់ចូលរួមប្រកួតចំនួន១៦ក្រុម ជាលទ្ធផល:

*ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម ស.ស.យ.ក.ស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ ដែលទទួលបានពានរង្វាន់១ មេដៃមាសចំនួន២៣គ្រឿង និងប្រាក់រង្វាន់ចំនួន៨លានរៀល

*ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម គោព្រៃជយោ ក្នុងខេត្តកំពង់ចាម ទទួលបានមេដៃប្រាក់ចំនួន២៣គ្រឿង និងប្រាក់រង្វាន់ចំនួន៦លាន

*លេខ៣បានទៅលើក្រុមមហាហង្សលើទាលភ្លោះ ក្នុងខេត្តក្រចេះ ទទួលប្រាក់រង្វាន់ចំនួន៤លានរៀល

និងលេខ៤ក្រុមអធិរាជតេជោសែនជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនេះតែម្តង ទទួលបានប្រាក់រង្វាន់ចំនួន២លានរៀលផងដែរ៕