សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិកម្ពុជា


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បាមអញ្ជើញជាអធិបតីភាព ប្រារព្ធពិធីអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧- ៣០មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្រ្ដតេជោកោះថ្ម x16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះគឺជារយៈពេល៤៥ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរ ប៉ុល ពត និងបក្ខពួក។
តាមរបាយការណ៍សង្ខេប ដែលអានដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា សមិទ្ធផលដែលបានសាងសង់ និងសម្ពោធនេះរួមមាន៖ អគារវេទិកាអចិន្ត្រៃយ៍ទំហំ ៦.១ម៉ែត្រ គុណ ៤៧ម៉ែត្រ ចំនួន ១ខ្នង, សាងសង់ទីលានបាល់ទាត់លើដីទំហំ ៦៨ម៉ែត្រ គុណ ១០៦ម៉ែត្រ, ជីកស្រះមួយមានទំហំ ៧០ម៉ែត្រ គុណ ៧០ម៉ែត្រ ជម្រៅជាង ១០ម៉ែត្រ ដោយមានចម្លាក់រូបនាគពីថ្មភក់ព័ទ្ធជុំវិញ, សាងសង់ប្រាង្គ និងចម្លាក់ព្រះអង្គគោកធ្លក, សាងសង់សាលាដំណាក់ទំហំ ៦.១ម៉ែត្រ គុណ ១៩.៦ម៉ែត្រ ចំនួន ១ខ្នង កម្ពស់ ១ជាន់, សាងសង់អគារមិត្តភាព ១ខ្នង កម្ពស់ ១ជាន់ ដោយមានបំពាក់គ្រឿងសង្ហារឹម និងសម្ភាបច្ចេកទេស LED និងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត។
ក្រៅតែពីសមិទ្ធផលនៅតំបន់ X16 ហើយនោះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់សារមន្ទីរកោះថ្មទំហំ ៧ម៉ែត្រ គុណ ១៨ម៉ែត្រ ដើម្បីតម្កល់ឯកសារវត្ថុតាង នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបង្ហាញពីសច្ចភាពប្រវត្តិសាស្ត្រសម្រាប់យុវជនជំនាន់ក្រោយសិក្សារៀនសូត្រ និងឈ្វេងយល់បន្ថែមទៀត។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ គឺជារយៈពេលគម្រប់៤៥ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។
កាលពីឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូរំដោះប្រទេសជាតិនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើរទៅចុះទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ ដើម្បីរំលឹកនូវអនុស្សាវរីយ៍ដ៏សែនជូរចត់នោះ។ គ្រប់ចំណុចដែលសម្តេចបានឆ្លងកាត់ កន្លែងដែលធ្វើឱ្យសម្តេចរំលឹកឡើងវិញ ហើយក្តុកក្តួលបង្ហូរទឹកភ្នែកអត់ដាច់នោះ គឺនៅត្រង់ចំណុចឆ្លងកាត់ព្រំដែនក្រោមដើមទ្រយឹង។
ត្រង់ដើមទ្រយឹងនេះ កាលពីឆ្នាំ១៩៧៧ មុនបន្តដំណើរទៅមុខសម្តេចតេជោ ហ៊ុន សែន បានបែរមុខមើលមុខទឹកដីកម្ពុជា ហើយក៏បានបង្ហាញអារម្មណ៍នឹកដល់ឧត្តមភរិយា និងកូនក្នុងផ្ទៃ៥ខែដោយមិនដឹងថា ការព្រាត់ពេលនោះនឹងត្រូវបានជួបគ្នាវិញឬយ៉ាងណា? ជាពិសេសនឹកអាណោចអាធ័ម ដល់ជោគវាសនាដ៏កម្សត់របស់ខ្លួន ដែលត្រូវព្រាត់ពីឪពុកម្តាយក្នុងអាយុ ១៣ឆ្នាំ ព្រោះតែដើម្បីការសិក្សា លុះដល់អាយុ ២៥ឆ្នាំត្រូវឃ្លាតឆ្ងាយពីទឹកដី ឃ្លាត់ឆ្ងាញពីមនុស្សស្រឡាញ់ស្មើជីវិត ព្រោះតែជាតិ និងប្រជាជន។
ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់យុទ្ធជន ហ៊ុន សែន និងយុទ្ធមិត្តកាលពី ៤៥ឆ្នាំមុននោះ ដែលជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឲ្យទទួលបានពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន៕