អភិបាលខេត្តត្បូងឃ្មុំ៖ ឆ្នាំក្រោយកូនឈើ១ម៉ឺនដើម នឹងត្រូវដាំទូទាំងខេត្ត ដោយរំពឹង៥ឆ្នាំក្រោយ ក្រុងសួងនឹងទទួលបានផ្ការំដួល៣ទង តែត្រូវចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងខេត្ត!


(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឪកាសដឹកនាំមន្ទីរអង្គភាព អាជ្ញាធរ សិស្សានុសិស្ស សសយក អាជីវករ និងប្រជាពលរដ្ឋ នាំគ្នាដាំកូនឈើធ្នង់ បេង នាងនួនជាដើម ចំនួនប្រមាណ ៣00ដើមបន្ថែមទៀត នៅបរិវេណនិងជុំវិញវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសួង និងតាមដងផ្លូវ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីផ្តល់សោភ័ណភាព និងលើកកម្ពស់បរិស្ថានបៃតង។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងបញ្ជាក់ថា ដើម្បីទទួលផ្ការំដួល៣ទង នា៥ឆ្នាំខាងមុខនេះ ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលរស់នៅទីក្រុងសួងនេះ ដែលទាមទារឲ្យមានបេះដូងស្រលាញ់អនាម័យបរិស្ថានពិតប្រាកដ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា អនាម័យបរិស្ថានសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរ ត្រូវតែជាទីក្រុងដែលគ្មានសំរាម មានដងផ្លូវស្អាត ពិសេសមានអ្វីដែលទាក់ទាញថ្មីបន្ថែមទៀត។

ឯកឧត្តមបណ្ឌិតបន្ថែមថា ជាមួយគ្នានោះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលលោកបានជំរុញឲ្យមានការដាំដើមឈើចាប់ពីស្ពានគីហ្សុណា ឆ្ពោះទៅដល់ស្រុកមេមត់។ តាមគម្រោង នាឆ្នាំក្រោយនឹងមានការដាំ លក្ខណៈទ្រង់ទ្រាយធំ ដោយដាំកូនឈើចំនួន ១ម៉ឺនដើមទូទាំងខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញឲ្យអាជ្ញាធរក្រុងសួង និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាដាំដើមឈើ និងផ្កាចំរុះតាមដងផ្លូវ ថែរក្សាអនាម័យបរិស្ថាន ថែរក្សាគុណភាពផ្លូវ រក្សាសណ្ដាប់ធ្នាប់តាមដងផ្លូវ សម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ និងបន្តកសាងសមិទ្ធផលថ្មីៗទាក់ទាញបន្ថែមទៀត។

ហើយការដាំដើមឈើនេះ មិនមែនធ្វើតែនៅក្រុងសួងនោះ គឺរួមគ្នាដាំទូទាំងខេត្ត ដើម្បីជាគម្របបៃតង និងជាសួតនៃខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ជាក់ឲ្យដឹងដែរថានៅលើផ្លូវជាតិលេខ៧ ត្រង់កែងផ្លូវចូលរដ្ឋបាលសាលាខេត្តនឹងកសាងឲ្យមានរង្វង់មូលធំមួយ ដែលមានរូបភាជ តំណាងអោយខេត្តត្បូងឃ្មុំ ចំណែកត្រង់រង្វង់មូលបន្ទាប់ នឹងដាក់រូបសំណាក់ស្តេចកនផងដែរ ដែលសុទ្ធសឹងជារូបសំណាក់តំណាងឲ្យខេត្តត្បូងឃ្មុំ សម្រាប់ឲ្យប្រជាពលរដ្ឋក្នុងខេត្ត ពិសេសភ្ញៀវទេសចរ បានឃើញ និងដឹងនៅពេលឆ្លងកាត់ទីនេះ៕