ពញាក្រែក៖ នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តគិរីជយារាម ហៅវត្តក្រញូង ស្ថិតនៅភូមិក្រញូង ឃុំវាលម្លូរ និងព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តព្រះលានព្រះ ស្ថិតនៅភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រមទាំងបានពាំនាំនូវបច្ច័យចូលរួមកសាងរបស់សម្ដេចចក្រី និងលោកជំទាវ ប្រគល់ជូនគណៈកម្មការវត្តទាំងពីរសម្រាប់ចាត់ចែងកសាងកុដិនៃវត្តនិមួយៗ ដោយក្នុង ១ វត្ត ទទួលបានបច្ច័យចំនួន ២០ លានរៀល ។
ស្ថិតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចចក្រី និងលោកជំទាវ ដែលជានិច្ចកាលសម្ដេច និងលោកជំទាវតែងបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសគឺប្រជាពលរដ្ឋស្រុកពញាក្រែក ដែលជាទឹកដីកំណើតរបស់សម្ដេច និងលោកជំទាវផ្ទាល់ ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានពិតដល់ព្រះសង្ឃ និងជម្រាបដល់លោកតា លោកយាយ អំពីការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន រួមជាមួយការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខផងដែរ ។