ពិធីប្រគល់ផែនទីដើម UTM ខ្នាតមួយលើមួយរយពាន់ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ សីហានេះ នៅវិមានសន្តិភាព ដែលបង្ហាញនូវការបញ្ចប់ករណីមួយ រវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ លើការសុំខ្ចីផែនទីដើម្បីយកមកផ្ទៀងផ្ទាត់ ។
ឯកឧត្តមឧបនាយករដ្ឋ មន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្រគល់ឯកសារផែនទីជាផ្លូវការ ១៨ផ្ទាំងនេះ ជូនចំពោះ លោកស្រី មេរៀនី កេលីទី វ៉ាកាស៊ីស៊ី កាកាឡា ប្រធានស្តីទីបណ្ណាល័យអង្គការសហប្រជាជាតិ នៅចំពោះវត្តមានចូលរួមផងដែរ ពីមន្ត្រីផ្នែកច្បាប់នៃអង្គការសហប្រជាជាតិ លោក កេអ៊ីឈីរ៉ូ អូគីម៉ូតូ…និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនទៀត ។
ការប្រគល់ផែនទីដើម UTM ចំនួន ១៨ផ្ទាំង អោយអង្គការសហប្រជាជាតិ វិញនេះ គឺនៅបន្ទាប់ពីការផ្ទៀងផ្ទាត់ជាផ្លូវការកាលពីថ្ងៃទី២០ សីហា បានបង្ហាញថាផែនទី UTM ខ្នាតមួយលើមួយរយពាន់ដែលតម្កល់ទុកនៅបណ្ណាល័យអង្គការសហប្រជាជាតិ ដូចគ្នាបេះបិទនឹងផែនទីបោនខ្នាតមួយលើមួយរយពាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែន និងកសាងព្រំដែនសន្តិភាពជាមួយនឹងប្រទេសជិតខាង ជាពិសេសជាមួយនឹងប្រទេសវៀតណាម។
ឯកឧត្តម ហោ ណាំហុង បានស្នើសុំអោយគណបក្សនយោបាយប្រឆាំង បញ្ឈប់ការប្រើនយោបាយប្រជាភិថុតផែនទី… ដោយបានបង្ហើបថាអ្នកប្រើនយោបាយប្រជាភិថុតទាំងនោះ នឹងអាចដឹងកាន់តែច្បាស់ថែមទៀតអំពីបញ្ហាផែនទីនេះ ដែលគេនឹងរំពឹងថានឹងអាចកើតឡើង នៅប្រមាណមួយសប្តាហ៍ទៅមុខទៀត ។
ទាក់ទងនឹងបញ្ហាផែនទីនេះផងដែរ កម្ពុជាក្នុងជំហានបន្ទាប់ទៅទៀតនេះ ត្រូវគេរំពឹង ថាកំពុងរង់ចាំការឆ្លើយតបពីប្រធានាធិបតីប្រទេសបារាំង លោក ហ្វ្រង់ ស្វ័រហូឡង់ ជុំវិញការស្នើរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាផែនទីសម្រាប់ផ្ទៀងផ្ទាត់ ។ ដោយឡែកសេចក្តីស្នើទៅប្រទេស អង់គ្លេសលើបញ្ហាផែនទី ត្រូវគេឃើញថាបានឆ្លើយតបមកវិញតាមរយៈនាយករដ្ឋមន្ត្រីអង់គ្លេសលោកដេវីធ ខេមរុន នោះហើយ…ហើយគេកំពុងរង់ចាំការឆ្លើយតបនេះផងទៀត ពីសហរដ្ឋអាមេរិក ផងដែរ ។
កម្ពុជាប្រគល់ផែនទីអោយអង្គការសហប្រជាជាតិវិញ
