អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញនូវគោលការសំខាន់៦ចំនុច ដើម្បីលើកកម្ពស់វិស័យសុខាភិបាល ក្នុងខេត្តត្បូងឃ្មុំ អោយកាន់តែល្អប្រសើរថែមទៀត ស្របពេលដែលមន្ទីរពេទ្យខេត្ត តម្លៃជិត៥០លានដុល្លារ ក្នុងដំណើរការសាងសង់!!


(ត្បូងឃ្មុំ)៖ បន្ទាប់ពីមន្ទីរពេទ្យកម្ពុជា ចិនត្បូងឃ្មុំ មានតម្លៃជិត៥០លានដុល្លារ អាមេរិច ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមកជាអធិបតី ដាក់អោយដំណើរការចាប់ផ្តើមសាងសង់កាលពីពេលកន្លងទៅថ្មីៗ ក្នុងនោះវិស័យសុខាភិបាលក្នុងខេត្តត្បូងឃ្មុំ កន្លងមកដែលទទួលបានលទ្ធផលល្អប្រសើរហើយនោះ ក៍ត្រូវបាន
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងនូវគោលការ ៦ចំនុចសំខាន់បន្ថែមទៀត ដើម្បីពង្រឹងការផ្តល់សេវាសុខាភិបាលជូនពលរដ្ឋ អោយកាន់តែល្អទ្វេរឡើង ដើម្បីត្រៀមទទួលការពិនិត្យព្យាបាលជូនពលរដ្ឋទាំងក្នុងខេត្ត ក៍ដូចជាទូទាំងប្រទេស។

ការដាក់ចេញគោលការទាំងនេះ ដល់មន្ទីរសុខាភិបាលខេត្តអនុវត្ត ដើម្បីលើកស្ទួយសមត្ថភាព និងឆន្ទៈ ពិសេសទទួលបានលទ្ធផលការងារ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់របស់មន្ត្រីសុខាភិបាល និងលោកគ្រូអ្នកពេទ្យក្នុងខេត្តទាំងអស់ ធ្វើឡើងក្នុងឳកាស
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។

គោលការទាំង៦ចំនុច ដែលឯកឧត្តម បា
លើកឡើងរួមមាន៖

១,ការកែលម្អវិស័យសុខាភិបាល ទាំងក្នុងរដ្ឋ និងឯកជន ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំ ដែលចាំបាច់ត្រូវផ្តោតលើការយកចិត្តទុកដាក់អោយបានខ្លាំងក្លាថែមទៀត ។

២, លើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ ដល់មន្ត្រីបុគ្គលិកសុខាភិបាល អំពីការប្រតិបត្តិផ្នែកវេជ្ជសាស្ត្រ ក្រមសីលធម៍វិជ្ជាជីវៈ និងឥរិយាបទទំនាក់ទំនង ដើម្បីកសាងនូវទំនុកចិត្ត និងការជឿជាក់ ពីប្រជាពលរដ្ឋ។

៣, តាមដានត្រួតពិនិត្យ និងវាយតម្លៃគុណភាពសេវាឲ្យបានទៀងទាត់ ដោយរាប់ទាំងគុណភាពសេវា ក្នុងវិស័យឯកជនផងដែរ។ ត្រូវធានាថាមន្ទីរពេទ្យ មណ្ឌលសុខភាព ចាំបាច់ត្រូវមានគ្រូពេទ្យ បុគ្គលិកយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ទាំងនៅថ្ងៃឈប់សំរាក និងថ្ងៃបុណ្យទានផ្សេងៗ ពិនិត្យព្យាបាល និងថែទាំ មានជានិច្ច ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៍របស់ខ្លួន។

៤, មន្ទីរសុខាភិបាល ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការស្វែងរក និងដោះស្រាយឲ្យបានទាន់ពេលវេលា នូវឬសគល់នៃបញ្ហាទាំងអស់ ដែលបានលើកឡើងក្នុងអង្គសន្និបាតនេះ។

៥, តាមដាន និងត្រួតពិនិត្យអោយបានជាប់ជាប្រចាំ លើការធ្វើអនាម័យចំណីអាហារសំរាប់សុខភាព មនុស្សជាតិ គឺជាភារកិច្ចដែលមិនត្រូវពន្យាពេល ឬបង្អែរបង្អង់ទៀតឡើយ គ្រប់អាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ឬទីកន្លែងនានា ព្រោះថាកត្តាជំងឺភាគច្រើនគឺកើតចេញពីការខ្វះអនាម័យ។ <<ដូចនេះ ត្រូវគិតពីចំណីអាហារ មុនពេលគិតពីឳសថ>>។

៦, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការល្អ ក្នុងកិច្ចដំណើរការផ្តល់សេវា សុខាភិបាលដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្ត ពិសេសលើការងារបន្ទាន់ ដែលផ្នែកសុខាភិបាលតម្រូវការ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍នឹងសង្ឃឹមថា អ្វីដែលលើកឡើងទាំងអស់នេះ ជាធាតុចូលបន្ថែមទៀត សម្រាប់រួមចំណែកអនុវត្ត អោយសម្រេចតាមទិសដៅដែលអង្គសន្និបាទសុខាភិបាលខេត្ត បានដាក់ចេញសម្រាប់ឆ្នាំ២០១៩នេះ។

លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានគ្រប់ដណ្តប់ទាំង៧ក្រុងនិងស្រុក លើប្រជាជនប្រមាណ ៨៤៣,៣១០នាក់ ដែលជាអង្គភាពផ្តល់សេវា សុខាភិបាល សុខភាពសំខាន់ចំនួន ៧៦កន្លែង, មានមន្ទីរពេទ្យបង្អែកចំនួន០៦, មន្ទីរពេទ្យបង្អែកកំរិត១ ចំនួន០៣ និងមន្ទីរពេទ្យបង្អែក កំរិត២ចំនួន០៣, មណ្ឌលសុខភាព ចំនួន៦៨ និងប៉ុស្តិសុខភាពចំនួន០២, លោកគ្រូពេទ្យអ្នកគ្រូពេទ្យគ្រប់ជំនាញ និងបុគ្គលិកមន្រ្តីសុខាភិបាលចំនួន ៩៩៨នាក់ ក្នុងនោះស្ត្រី ៤៦៧នាក់ ព្រមទាំងមានដៃគូអភិវឌ្ឍន៍វិស័យសុខាភិបាលចំនួន១៨ដៃគូរ រួមទាំងអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធដទៃទៀត៕ (វ៉ាន់វីរៈ ត.ឃ)