អភិបាលខេត្តត្បូងឃ្មុំ ស្នើរអោយមន្ទីរកសិកម្មខេត្ត សហការជាមួយសមត្ថកិច្ចតាមច្រកព្រំដែនទាំងអស់ ហាមដាច់ខាតមិនអោយមានការនាំចូលជ្រូកមកពីប្រទេសជិតខាងនោះឡើយ ជាពិសេសការចរាចរបទល្មើសព្រៃឈើ ដែលឆ្លងកាត់ទឹកដីខេត្តត្បូងឃ្មុំ!!


(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងស្នើរដល់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ពិសេសមន្ត្រីជំនាញ ត្រូវសហការជាមួយសមត្ថកិច្ចតាមច្រកព្រំដែនទាំងអស់ ត្រូវសហការគ្នាហាមដាច់ខាត មិនអោយមានការនាំចូលជ្រូកមកពីប្រទេសជិតខាងនោះឡើយ ព្រោះថាជំងឺបេស្តជ្រូកអាហ្វ្រិច កំពុងផ្ទុះ និងរីករាលដាល ដែលទាមទារអោយយើងត្រូវប្រុងប្រយ័ត្ន ក្នុងការនាំចូល និងលក់នៅលើទីផ្សារ សម្រាប់ប្រជាពលរដ្ឋទិញយកទៅបរិភោគ។

ថ្លែងបែបនេះក្នុងឪកាស លោក ជាម ច័ន្ទសោភ័ណ រួមជាមួយលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨-២០១៩ និងទិសដៅការងារសម្រាប់ ឆ្នាំ២០១៩-២០២០ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមប្រមាណ៣០០នាក់។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលបានបំពេញភារកិច្ចកន្លងមក ធ្វើអោយវិស័យកសិកម្មក្នុងខេត្ត ទទួលបានលទ្ធផលកាន់តែល្អប្រសើរ ដែលជួយសម្រួលកម្រិតជីវភាពរបស់ប្រជាកសិករ ក៍ដូចជាអាជីវករ និងពាណិជ្ជករ និងពលរដ្ឋទាំងអស់ក្នុងខេត្ត។

ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៍បានថ្លែងសង្កត់ធ្ងន់ថា ខេត្តត្បូងឃ្មុំ ជាខេត្តដែលមិនមានព្រៃឈើ សម្រាប់កាប់ប្រព្រឹត្តបទល្មើសខុសច្បាប់នោះឡើយ ដូច្នេះលោកបាន ក្រើនរំលឹកដល់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ត្រូវបង្ការទប់ស្កាត់ឲ្យបាន និងមានប្រសិទ្ធភាពខ្ពស់ នូវរាល់បទល្មើសព្រៃឈើ ដែលដឹកឆ្លងកាត់ខេត្តត្បូងឃ្មុំ ។

ជាងនេះទៅទៀត លោក ក៍បានស្នើរផងដែរដល់ នាយខណ្ឌជលផលខេត្ត ត្រូវទប់ស្កាត់អោយខានតែបាន នូវបទល្មើសជលផលគ្រប់ប្រភេទ ដែលកើតមានលើផ្ទៃទឹកក្នុងដែនដីខេត្តត្បូងឃ្មុំ។

ក្នុងខែប្រាំងឆ្នាំនេះ ខណ:ពេលដែលកម្ដៅកំពុងឡើងខ្លាំង លោក ជាម ច័ន្ទសោភ័ណ ក៍បានណែនាំអោយមន្ទីរកសិកម្មខេត្ត សហការជាមួយអភិបាលក្រុងស្រុក ចាត់វិធានការស្តុកទឹកទុក និងផ្គត់ផ្គង់ទឹកដល់ពលរដ្ឋសម្រាប់ប្រើប្រាស់ ពិសេសស្រោចស្រពដំណាំផ្សេងៗ របស់ប្រជាកសិករផងដែរ។

បើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ មានសក្តានុពលសម្រាប់ដំណាំកសិឧស្សាហកម្ម ដាំដុះលើផ្ទៃដីប្រមាណ ១៧៧ ៤៥៣
ហិកតា ដែលដាំដុះស្ទើរ ២/៣នៃផ្ទៃដីដាំដុះសរុប។ ឲកៅស៊ូ ដំឡូងមី ម្រេច ស្វាយចន្ទី ពោតក្រហម ជាដំណាំ អាទិភាពក្នុងខេត្ត ដែលដាំដុះលើផ្ទៃដីប្រមាណ ១៦២ ៧៤៣ហិកតា។

ក្រៅពីនោះ នៅមានដំណាំរួមផ្សំដូចជា សណ្តែក ល្ង ស្វាយ ចេក បន្លែ ដែលដាំដុះលើផ្ទៃដីប្រមាណ ១៤ ០៥៥ហិកតា ព្រមទាំងដំណាំឈើ ហូបផ្លែប្រចាំតំបន់ ដូចជា ទុរ៉េន មង្ឃត សាវម៉ាវ ដែលដាំដុះលើផ្ទៃដីប្រមាណ ៦៥៥ហិកតា។ ដោយឡែកផ្ទៃដី ដាំដុះស្រូវរដូវវស្សា ស្រវរដូវប្រាំង ដាំដុះលើផ្ទៃដីប្រមាណ ៨៨ ៨០០ហិកតា៕