ត្បូងឃ្មុំ៖ ខិតខំប្រឹងប្រែងជំរុញក្រសួងឲ្យក្លាយជាក្រុងស៊ីវិល័យនាពេលអនាគត ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំឲ្យក្រុងសួងរៀបចំប្លង់មេសម្រាប់អភិវឌ្ឍន៍ក្រុង ហើយនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥នេះ នៅបរិវេណសាលាក្រុងសួង បានប្រារព្ធពិធីបើកការរដ្ឋានការសាងសង់ ផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង១២០០ម៉ែត្រ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសួង និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោក ជា សុខរិទ្ធិ អភិបាលក្រុងសួង បានឡើងអានរបាយការណ៍ ឲ្យដឹងថា៖ ក្រុងសួង ជាក្រុងមួយស្ថិតនៅក្នុងចំណោម ក្រុងស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មី ទើបតែបំបែក ចេញពីខេត្តកំពង់ចាម។ ក្រុងសួង ព័ទ្ធជុំវិញដោយបណ្តាឃុំនៃស្រុកត្បូងឃ្មុំ មាន២សង្កាត់ មានភូមិចំនួន៣០ និងមានផ្ទៃដីសរុបចំនួន ៨,២៨០.៦៤ ហិចតា មានប្រជាពលរដ្ឋរស់នៅចំនួន ៨,១៧៧ គ្រួសារ ស្មើនឹង ៣៧,៥៥១ នាក់ ស្រី ១៨,៧៣៥ នាក់ ប្រជាពលរដ្ឋប្រកបមុខរបរ កសិកម្មជាចំបង ប្រមាណ៧០% ក្រៅពីនេះ ប្រកបមុខរបរលក់ដូរ សិប្បកម្ម សេវាកម្ម មន្រ្តីរាជការ និងកម្មករ ។
ថ្លែងនៅក្នុងឳកាស នៃបើកការរដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូប្រភេទ DBSTនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា៖ នៅក្នុងការអភិវឌ្ឍន៍ក្រុង គឺផ្តោតសំខាន់ទៅលើ សមាសភាពសំខាន់ទាំង៤គឺៈ ទឹក ផ្លូវ ភ្លើង លូ ដែលកត្តាទាំងនេះ ក្រុងកំពុងធ្វើការពង្រឹង ពង្រីក និងជម្រុញការកសាង អោយបានរីកសុះសាយទៅ ដល់គ្រប់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដូចពាក្យដែលបានលើកឡើងថា មានផ្លូវ គឺមានក្តីសង្ឃឹម ។
ឯកឧត្តម បន្តទៀតថា៖ ពិធីបើកការរដ្ឋានការសាងសង់ ផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង១២០០ម៉ែត្រ នាពេលនេះ ជាគម្រោងគាំទ្រដោយផ្ទាល់ពីរដ្ឋបាលខេត្ត គម្រោងនេះជាសមិទ្ធិផលថ្មីមួយបន្ថែម លើសមិទ្ធិផល នានាដែលរដ្ឋបាលខេត្ត បានបន្តគាំទ្រ ដើម្បីរួមចំណែកជម្រុញការអភិវឌ្ឍន៍ក្រុង អោយមានភាពរីកចម្រើន លូតលាស់ថែមមួយកម្រិតទៀ់ត ដែលជានិច្ចកាលរដ្ឋបាលខេត្តតែងតែគិតគូរ យកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍ក្រុង ទោះស្ថិតនៅក្នុងគម្រោងក្រុងផ្ទាល់ កម្រោងរបស់ខេត្ត ឬគម្រោងរបស់អង្គការដៃគូក្តី ជាក់ស្តែងផ្លូវកៅស៊ូ១ខ្សែនេះ ជាភស្តុតាង បង្ហាញអោយឃើញច្បាស់។
ឯកឧត្តម អភិបាលខេត្ត បន្ថែមទៀតថា៖ ផ្លូវកៅស៊ូ១ខ្សែនេះ នឹងជួយសម្រួលការធ្វើដំណើររបស់ ប្រជាពលរដ្ឋ បានងាយស្រួលជាងមុន នឹងបញ្ឈប់នូវភាពរអ៊ូរទាំ ខែវស្សាផ្លូវភក់ ខែប្រាំងផ្លូវហុយ ដែលបង្កធ្វើ អោយពិបាកក្នុងការធ្វើដំណើរនោះ។ ឯកឧត្តម បា្រជ្ញ ចន្ទ បានមានប្រសាសន៍ កោតសរសើរ ចំពោះ អាជ្ញាធរក្រុងសួង ក៍ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង ដែលបានសហការល្អ ជាមួយមន្ទីរសាធារណការ ក្នុងការថែរក្សាគុណភាពផ្លូវ ក៍ដូចជាសោភ័ណ្ឌភាព ទីក្រុងទាំងមូល ព្រមទាំងផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ ចូលរួមនូវ កិច្ចសហការ ដែលបង្កលក្ខណៈងាយស្រួល ជំរុញគំរោងឲ្យដំណើរ បានទៅរលូន និងសម្រេចបានជោគជ័យ តាមការគ្រោងទុក។
ចប់ប្រសាសន៍នាពេលនោះ គណៈអធិបតី បានអញ្ជើញ ពិនិត្យមើលដំណើរការសាងសង់ អាគាររដ្ឋបាលរបស់សាលាក្រុងសួង ព្រមទាំងអញ្ជើញ បញ្ជាគ្រឿងចក្រ ដើម្បីជាការចាប់ដំណើរការ នៃការសាងសង់ ៕