អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ច្បាប់ស្តីពីគណបក្សនយោបាយកំពុងត្រូវបានក្រុមអ្នកច្បាប់សិក្សា និងពិនិត្យធ្វើវិសោធនកម្ម ដើម្បីឲ្យស្របតាមសភាពការណ៏ថ្មីនៃជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម កម្ពុជាបច្ចុប្បន្ន ។
ឯកឧត្តម បានបន្តថា ខណៈដែលច្បាប់នេះកំពុងត្រូវបានពិនិត្យ ស្រាប់តែមានឥស្សរជនម្នាក់ នៅក្នុង គ.ជ.ប បានប្រកាសថា គាត់នឹងលាឈប់ពីតំណែងដោយមិនស្តាយស្រណោះ បើសិនជា គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយគណបក្សប្រជាជនកម្ពុជានោះ ។ គួរឲ្យសោកស្តាយណាស់ចំពោះពាក្យសំដីដែលខ្វះការយល់ដឹង ដែលមិនទាន់អីផង ចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជាទៅហើយ ថាជាអ្នករំលាយគណបក្សផ្សេងទៅវិញ ។
ខាងលើនេះគ្រាន់តែជាការពន្យល់ ឥស្សរជន ដែលយល់ច្បាប់ហើយធ្វើជាមិនយល់ឲ្យយល់ កុំអាងស្អីឆ្លៀតដាក់កំហុសលើអ្នកដទៃដោយគ្មានការពិចារណា នោះ ។