ឯកឧត្តម សុខ ឥសាន៖ សម្លេងក្នុងខ្សែអាត់ ចង់ដឹងពិត មិនពិត សាម៉ីជនត្រូវប្តឹងសុំអមន្តរាគមពីស្ថាប័ន មានសមត្ថកិច្ច


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា នៅប៉ុន្មានថ្ងៃកន្លងមកនេះ មានបែកធ្លាយ វីដេអូឃ្លីប ពាក់ពន្ធនឹងរឿងអាស្រូវផ្លូវភេទរបស់មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់មួយចំនួន នៃគណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យមជ្ឈដ្ឋាននានានាំគ្នាចាប់អារម្មណ៏ ហើយនាំគ្នាវិភាគតាមការយល់ឃើញរបស់ខ្លួន ។  អ្នកខ្លះយល់ថា គឺជារឿងពិត ពីព្រោះ ទាំងសម្លេង និងចលនាសកម្មភាព ស៊ីគ្នាទៅនឹងការជាក់ស្តែង គ្មានអ្នកណាអាចបន្លំសម្លេងរបស់ម្ចាស់ដើមបានទេ ទោះបីមានទេពកោសល្យបញ្ចូលសម្លេង បែបបញ្ចូលសម្លេងក្នុងខ្សែភាពយន្តក៏ដោយ សម្លេងពិត និងសម្លេងបញ្ចូល យ៉ាងណា ក៏មិនដូចគ្នាដែរ ។ ចំណែក អ្នកខ្លះទៀត យល់ថាអំពើទាំងអស់ដែលកើតទ្បើង គឺជាល្បិចកលរបស់គណៈបក្សកាន់អំណាច ប្រឌិតរឿងដើម្បីដាក់កំហុសនិងធ្វើឲ្យគណបក្សប្រឆាំងធ្លាក់ប្រជាប្រីយភាព ខណៈដែលការបោះឆ្នោតជិតឈានមកដល់ ។

ឯកឧត្តម បានបន្តថា ទស្សនៈយល់ឃើញខុសៗគ្នាខាងលើនេះ គ្រាន់តែជាការយល់ឃើញនិងការគិតរៀងខ្លួនប៉ុណ្ណោះ មិនអាចយកជាការត្រឹមត្រូវ ប្ញុ ជាការពិតបានទេ ។ ចង់បានការពិត និងច្បាស់លាស់លុះត្រាតែសាម៉ីជនដែលមានឈ្មោះក្នុងវីដេអូឃ្លីបនោះ ក្លាហានហ៊ានចេញមុខមកដាក់ពាក្យជាផ្លូវការប្តឺងសុំអន្តរាគមពីស្ថាប័នមានសមត្ថកិច្ចនិងតុលាការ ដើម្បីបើកការស៊ើបអង្កេតតាមបច្ចេកទេសទៅ នោះនឹងរកការពិតឃើញជាក់ស្តែងជាមិនខាន តើសាម៉ីជនពាក់ពន្ធបានប្រព្រឹត្តមែនប្ញុ អត់។ ចំណែក អ្នកដែលហ៊ានលួចថតសម្លេងគេ និងយកមកចាក់ផ្សាយដោយគ្មានការអនុញាត ត្រូវទទួលទោសតាមច្បាប់ជាធរមាន នោះទើបរកឃើញការពិត មិនអាចប្រកែកបាន ហើយការបកស្រាយតាមការយល់ឃើញ និងតាមនិន្នាការនយោបាយ លាបព៌ណគ្នា វាយប្រហារគ្នា នឹងត្រូវបញ្ចប់ ។ផ្ទុយទៅវិញ បើសាម៉ីជនពាក់ពន្ធ នៅតែសម្ងំស្ងៀម មិនហ៊ានចេញមុខប្តឹងរកការពិតទេ បញ្ហានឹងនៅតែជាបញ្ហាដដែល នៅតែបន្ត បើអូសបន្លាយ វានឹងនាំដល់ការប្រទូសរ៉ាយនៅក្នុងសង្គមជាតិកាន់តែធំជាក់ជាមិនខាន ។

Sok-Eisan-7-2-2017-1