អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ចំនួនទឹកប្រាក់នៃការប្តឹងទាមទារសំណងជម្ងឺចិត្តពុំមានកំណត់ក្នុងច្បាប់ឡើយ


(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបកស្រាយអំពីភាពខុសគ្នារវាងបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ដែលពលរដ្ឋខ្មែរភាគច្រើនពុំបានយល់ច្បាស់អំពីបញ្ហានេះ។

ឯកឧត្តមបានពន្យល់យ៉ាងដូច្នេះថា៖ បណ្តឹងអាជ្ញា៖ បើតុលាការស្វែងរកឃើញថា ជនល្មើសមានពិរុទ្ធភាពគ្រប់គ្រាន់នោះ នឹងនាំអោយមានការផ្តន្ទាទោសជននេះ តាមច្បាប់កំណត់ ដែលអាចសម្រេច​ អំពីទោសដាក់ពន្ធនាគារ និងទោសពិន័យ ដែលមានកំណត់ច្បាស់លាស់ ក្នុងក្រមព្រហ្មទណ្ឌតាមប្រភេទបទល្មើសនីមួយៗ ដែលក្នុងន័យនេះប្រាក់ពិន័យ នៃអំពើល្មើសនីមួយៗ ត្រូវបង់ចូលថវិការដ្ឋ។
រីឯបណ្តឹងរដ្ឋប្បវេណី៖ ជនរងគ្រោះអាចតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណីក្នុងសំណុំរឿងព្រហ្មទណ្ឌ និងមានសិទ្ធិប្តឹងទាមទារ ជួសជុលការខូចខាត ដែលជាសំណងជំងឺចិត្ត បណ្តាលមកពីអំពើល្មើសណាមួយ ដែលប្រាក់សំណងនេះ​ នឹងត្រូវប្រគល់ជូនទៅដើមបណ្តឹងរដ្ឋប្បវេណី បន្ទាប់ពីមានសេចក្តី សម្រេចស្ថាពររបស់តុលាការ។ ចំនួនទឹកប្រាក់ដែលជាកម្មវត្ថុនៃការប្តឹងទាមទារនេះ ពុំមានកំណត់ក្នុងច្បាប់ឡើយ គឺជាសិទ្ធិសេរីភាពនៃការប្តឹងទាមទារ របស់ជនរងគ្រោះ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី រីឯការពិចារណា​ សម្រេចគឺជាអំណាចរបស់តុលាការ។

Kim-Santepheap-30-1-2017-1-800x418