ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅបរិវេណរដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លេីកទី១៨ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ក្រោមប្រធានបទ “សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ជួយអភិវឌ្ឍសុខុមាលភាពមនុស្សចាស់ក្នុងសហគមន៍ និងសង្គមជាតិ “ ក្រោមអធិតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ ទិវានេះគឺត្រូវបានប្រារព្ធ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារឲ្យមានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ ឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់ របស់មនុស្សចាស់ក្នុងសង្គមជាតិ។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ តែងតែផ្តល់នូវក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់លោកតាលោកយាយ អ៊ុំ មា មីង និងជនរួមជាតិទាំងអស់ ជាពិសេសគឺបានដាក់ចេញនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបានបង្កើតយន្តការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់របបគោលនយោបាយ សម្រាប់សេវាសង្គមកិច្ចចំពោះជនចាស់ជរា។
នៅក្នុងឱកាសនោះ លោក វង សូត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ជាតិ អន្តរជាតិ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឲ្យទៅជាប្រព័ន្ធគ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់ មានភាពកក់ក្តៅលើប្រព័ន្ធសេវា សម្រាប់មនុស្សចាស់របស់យើង។