ត្បូងឃ្មុំ៖ ឯកឧត្តម លី ឡេង បើកកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ រយៈពេល៥ឆ្នាំ(២០១៥-២០១៩) កម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០១៥-២០១៧) និងពិនិត្យពិគ្រោះយោបល់របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខេត្តត្បូងឃ្មុំ(២០១៦-២០១៨)
ឯកឧត្តម លី ឡេង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍អោយដឹងថា៖ កិច្ចប្រជុំដែលធ្វើឡើងនាពេលនេះ ជាផ្នែកមួយនៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ រដ្ឋបាលក្រោមជាតិជាមួយនឹងច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងដើម្បីធានាអោយមានគណនេយ្យភាព ពិតប្រាកដជូនប្រជាពលរដ្ឋ ដែលបានលើកគម្រោង អភិវឌ្ឍន៍សម្រាប់ដោះស្រាយបញ្ហានានា ដែលជួបប្រទះនៅមូលដ្ឋាន តាមរយៈការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំនិង កម្មវិធី៣ឆ្នាំរំកិលរបស់ ខ្លួន និងជាដំណើរការស្វែងរក នូវចំនុចខ្លាំង ចំនុចខ្សោយ ភាពត្រឹមត្រូវក្នុងការកសាងសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឆ្នាំ២០១៦-២០១៨ ដោយផ្តោតលើនីតិវិធីគោលការណ៍ណែនាំ ភាពស៊ីសង្វាក់ជាមួយផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំខេត្ត ការពិគ្រោះយោបល់ជាមួយ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា និងផ្តល់ផលប្រយោជន៍ដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសស្ត្រី កុមារ ជនក្រីក្រ ជនពិការ និងក្រុមជនងាយរងគ្រោះ ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ៕