ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញជាវាគ្មិនកិត្តិយស នៅក្នុងសន្និបាតបញ្ញាវន្តពិភពលោក ដោយបានធ្វើបឋកថាស្តីពី «ការចូលរួមរបស់កងទ័ព នៅក្នុងការការពារជាតិ និងអភិវឌ្ឍសង្គម» ដែលឯកឧត្តមបានលើកឡើងថា ការកសាងជាតិ គឺសំដៅលើដំណើការកសាង ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងអត្តសញ្ញាណជាតិ ដោយអំណាចរដ្ឋ ហើយជាការប្រមូលកម្លាំងជាធ្លុងមួយ ដើម្បីថែរក្សាស្ថេរភាពសង្គម ជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍប្រទេសឱ្យ មានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ការរៀបចំសន្និបាត បញ្ញាវន្តពិភពលោកលើកទី២នេះឡើង ក្នុងគោលបំណងប្រមូលផ្តុំវាគ្មិនសំខាន់ៗ បញ្ញាវន្តដែលបានបញ្ចប់ការសិក្សា នៅក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ នៅក្នុងការអភិវឌ្ឍសង្គមជាតិ។ សន្និបាតនេះ បានរៀបចំឡើងនៅថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០១៥ នៅសណ្ឋាគារ Intercontinental។