ឆ្នេរសមុទ្រកម្ពុជាមានតម្លៃខាងសេដ្ឋកិច្ច និងជាកន្លែងផ្តល់ការងារដល់ពលរដ្ឋខ្មែរ


រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ដើម្បីឱ្យឆ្នេរសមុទ្រខេត្តព្រះសីហនុ ក៏ដូចជាខេត្តនៅតាមបណ្តោយឆ្នេរចំនួនបីទៀតអាចរក្សាបាននូវតម្លៃនៃសម្រស់ឆ្នេរ តម្លៃសេដ្ឋកិច្ច និងអាចរក្សាបាននូវទីកន្លែងប្រកបមុខរបរការងារជូនប្រជាពលរដ្ឋ ឆ្នេរសមុទ្រកម្ពុជាត្រូវតែរក្សាឱ្យបាននូវអនាម័យបរិស្ថានស្អាត និងគ្មានទឹកសំណល់ហូចូលសមុទ្រ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបែបនេះនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងផែនការរៀបចំកែលម្អតំបន់ឆ្នេរខ្សាច់ខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម អុឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) ឯកឧត្តម ថោង ខុង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងបរិស្ថាន ក៏មានការប្តេជ្ញារខ្ពស់ក្នុងការពង្រឹងប្រសិទ្ធិភាពលើការប្រមូលសំរាម ការគ្រប់គ្រង់ប្រព័ន្ធលូ ដោយផ្ទេរមុខងារនៃការគ្រប់គ្រងសំណល់រឹងរាវមកដល់មូលដ្ឋានថ្នាក់ក្រុង ស្រុក ខណ្ឌ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរដល់អាជីវករ ប្រជាពលរដ្ឋគ្រប់រូបសូមចូលរួមក្នុងការសំអាតអនាម័យបរិស្ថានឆ្នេរឱ្យបានល្អ ព្រោះបើឆ្នេរស្អាត ទឹកសមុទ្រគ្មានការបំពុល នោះក៏នឹងផ្តល់លទ្ធភាពកាន់តែខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបររកសុីប្រចាំថ្ងៃផងដែរ៕

160201 Say Samal2

160201 Say Samal1

160201 Say Samal3