វឌ្ឍនៈភាពនៃការសាងសង់ទំនប់ពហុបំណងបាត់ដំបង


នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះ ឯកឧត្តម វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេសចុះពនិត្យមើលវឌ្ឍនៈភាពនៃការសាងសង់ទំនប់ពហុបំណងបាត់ដំបង ។ គម្រោងនេះស្ថិតនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណជា ៣៣២ គម ពីរាជធានីភ្នំពេញ ។ តាមរយៈការសិក្សាស្រាវជ្រាវគម្រោងនេះមានផែនកាសាងសង់ជាច្រើនដងមកហើយ ប៉ុន្តែមិនអាចសម្រេចទៅបាន ដោយសារមាន សង្គ្រាមក្នុងស្រុក ដោយឡែកចំពោះប្រវត្តនៃការសិក្សានោះរួមមាន៖
1) ការសិក្សាជាបឋម បានធ្វើឡើងដោយក្រុមហ៊ុន បារាំង មានឈ្មោះថា Sogreah នៅឆ្នាំ១៩៦០ ។
2) ការសិក្សាសមិទ្ធិលទ្ធភាព បានធ្វើឡើងដោយក្រុមហ៊ុន បារាំង មានឈ្មោះថា Sogreah នៅឆ្នាំ១៩៦៣ ។
3) បានធ្វើការសើរើយកមក ពិនិត្យឡើងវិញនៅឆ្នាំ ១៩៦៨ ដល់ ១០៩៧០ និងបាន ពិនិត្យមើលឡើងវិញនៅឆ្នាំ ១៩៩៣ ។
4) តាមរយៈការសិក្សាសមិទ្ធិលទ្ធភាពនៃការអភិឌ្ឍទំនប់ពហុបំណងបាត់ដំបងកន្លងទៅមុនការសាងសង់បានបញ្ជាក់ឲ្យដឹងថា អាចស្តុកទឹកបានប្រមាណជា ២៨៦ លានម៉ែត្រត្រីគុណ ដើម្បីបម្រើដល់៖
វស្សាចំនួន ៤៧ ០០០ ហត
ប្រាំងចំនួន ១២ ២០០ ហត
ការបន្ថយទឹកជំនន់
ទាញថាមពល ១៣ ១០០ គីឡូវ៉ាត់
ការផ្គត់ផ្គង់ទឹកប្រមាណជា៤២លានម៉ែត្រត្រីគុណសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ការសម្រេចចិត្តក្នុងការកសាងទំនប់ពហុបាត់ដំបងដ៏ធំនេះឡើងជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលមានតម្លៃធំធេងណាស់ ដោយបានជំនះនូវរាល់ឧបសគ្គធំៗជាច្រើន៖
1. ការបោសសំអាតគ្រប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាទីតាំងសមរភូមិក្តៅកាលពីអតីតកាលនៃសម័យសង្គ្រាមក្នុងស្រុក
2. ការប្រើប្រាស់មូលធនលើការវិនិយោគដ៏ច្រើន មិនធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា
3. ការទូទាត់ជូនដល់ប្រជាជនយើង ដែលមានការប៉ះពាល់ដោយសារគម្រោងដែលស្ថិតផ្នែកខាងលើទំនប់ ។
ក្នុងគោលបំណងឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការទឹកចាំបាច់របស់ប្រជាជនដែលស្ថិតនៅតាមផ្នែកខាងក្រោមទំនប់ ជាមួយនឹងបញ្ហាប្រឈមចំពោះមុខនានារបស់ប្រជាជន ក្នុងការចូលរួមចំណែកជម្រុញកំណើនប្រាក់ចំណូលរបស់ប្រជាជនឲ្យស្របទៅនឹងស្ថានភាពនៃការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន៖
1. កំណើនរបស់ប្រជាជននាពេលបច្ចុប្បន្នក្នុងតំបន់គម្រោង
2. ការបង្កើនប្រាក់ចំណូលរបស់ប្រជាជនដែលត្រូវរត់ឲ្យទាន់នៃកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន តាមរយៈការបង្កើនរដូវដាំដុះឲ្យបានច្រើនដងលើផ្ទៃដីតែមួយ
3. ការកាត់បន្ថយនូវការធ្វើចំណាកស្រុករបស់ប្រជាជន
4. ការកាត់បន្ថយនូវផលប៉ះពាល់ដោយផ្ទាល់ទៅលើប្រជាជនដោយសារការប្រែប្រួលអាកាសធាតុ ដែលបានគំរាមកំហែងមកលើប្រជាជនយើងស្ទើរាល់ឆ្នាំ ទាំងទឹកជំនន់ និងគ្រោះរាំងស្ងួត
5. ការចូលរួមចំណែកក្នុងការកាត់បន្ថយចំណាយរបស់ប្រជាជន ទៅលើការប្រើប្រាស់ថាមពលអគ្គិសនីរបស់ប្រជាជន
តាមរយៈនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានធ្វើអោយសម្រេចលេចចេញនូវសមិទ្ធផលដ៏ធំធេងនេះជាបណ្តើរៗ ដែលមកទល់នឹងពេលនេះគឺសម្រេចបានប្រមាណជា ៨០% ដែលនឹងឈានទៅដល់ការបិទបញ្ចប់នៃការសាងសង់នៅត្រីមាសទីពីរក្នុងឆ្នាំ២០១៦ ខាងមុខ គឺអាចសម្រេចបានមុនផែនការកំណត់មួយឆ្នាំ ។ ប្រកដណាស់ថារាជរដ្ឋាភិបាលបាន និងកំពុងប្រែក្លាយអតីតសមរភូមិក្តៅទៅជាតំបន់អភិវឌ្ឍន៍ និងក្លាយទៅជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់របស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលមិនធ្លាប់មាននៅក្នុងប្រវត្តនៃការកកើតទឹកដីរបស់កម្ពុជា ។

121715 Veng Sokon5121715 Veng Sokhon2

121715 Veng Sokon6

121715 Veng Sokon3