ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណតិ្តទី២ ដើម្បីដោះស្រាយនូវរាល់សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
វេទិការនេះ រៀបចំឡើងនៅ ក្នុងបរិវេណវត្តក្រែក ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក មន្ត្រីពាក់ព័ន្ឋ និងតំណាងប្រជាពលរដ្ឋប្រមាណ ២៧០នាក់ ។
ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍អោយដឹងថា៖ វេទិកានេះធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួម ក្នុងការបញ្ចេញមតិ ពិគ្រោះយោបល់ លើកឡើងនូវសំនួរ សំណូមពរ និងតម្រូវការចាំបាច់បន្ថែមទៀត ដើម្បីអោយ មន្ទីរ ក៍ដូចជាមន្ត្រីជំនាញ ធ្វើការដោះស្រាយជូន ។
បន្ទាប់ពី អាជ្ញាខេត្ត ក៍ដូចជាមន្ទីរជំនាញ បានធ្វើការពិភាក្សា និងដោះស្រាយនូវបញ្ហា ព្រមទាំងសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួន ដូចជា៖ បញ្ហាការងារសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាការស្ថាបនាផ្លូវ ដាក់លូ ប្រលាយទឹក បញ្ហាភ្លឿងអគ្គិសនី បញ្ហាបរិស្ថានស្រុក បញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណ រួចមក ។
គណៈអធិបតី មានប្រសាសន៍វាយតំលៃថា ៖ ឆ្លងតាមរយៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃនេះ បានផ្តល់ឲ្យក្រុមប្រឹក្សាខេត្ត ក៍ដូចជា គណៈអភិបាលខេត្ត នូវនីតិវិធី ផ្តល់ជូន
តម្លាភាពដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងដំណើរការ អភិបាលកិច្ចល្អរបស់ ក្រុមប្រឹក្សានៃរដ្ឋបាលខេត្ត ក្នុងគោលបំណងដើម្បីធានា រាល់បញ្ហាអាទិភាពរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងត្រូវបានឆ្លើយតប ៕
គួររំលែកដែរថា វេទិកាសាធារណៈ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ត្រូវធ្វើឡើងទាំង៧ក្រុង ស្រុក ទូទាំងខេត្តត្បូងឃ្មុំ ដោយឡែក វេទិកានាថ្ងៃនេះ គឺជាស្រុកទី៣ហើយ ដែលបានធើ្វឡើង ៕