ឯកឧត្តម ប្រាជ្ញ ចន្ទ បើកកិច្ចប្រជុំគម្រោងសាងសង់អគារនៅក្នុងតំបន់រដ្ឋបាលខេត្ត និងហេដ្ឋារចនាសម្ព័ន្ធ ជាអាធិភាពនៃប្លង់គោល អភិវឌ្ឍន៍ទីប្រជុំជន នៃទីរួមខេត្តត្បូងឃ្មុំ


ត្បូងឃ្មុំ ៖ កិច្ចប្រជុំគម្រោងសាងសង់អគារ នៅក្នុងតំបន់រដ្ឋបាលខេត្ត និងហេដ្ឋារចនាសម្ព័ន្ធ ជាអធិកភាពនៃប្លង់គោល អភិវឌ្ឍន៍ទីប្រជុំជន នៃទីរួមខេត្តត្បូងឃ្មុំ បានប្រារព្ធធ្វើនៅចំការព្រៃម៉ៃសាក់ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត មន្ទីរជំនាញជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ហាក់ សុខមករា បានធ្វើរបាយការណ៍ ស្ដីពីវឌ្ឍនភាពនៃដំណើរការសាងសង់ សំណង់អគាររដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អគារសាកលវិទ្យល័យ ហេង សំរិន ត្បូងឃ្មុំ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងទីប្រជុំជន ទីរួមខេត្តត្បូងឃ្មុំ បញ្ជាក់ថា ៖

-ការងារសាងសង់អគារសាលាខេត្តត្បូងឃ្មុំ ទិន្នផលសម្រេចបានសរុប ៥៥%
-ការងារសាងសង់អគារមន្ទីរនានាជុំវិញខេត្ត ទិន្នផលសរុបបាន៤៥%
-ការងារសាងសង់អគារស្នាក់នៅអភិបាលខេត្ត ទិន្នផលសរុប១៥%
-ការងាររបងជុំវិញតំបន់សាលាខេត្ត សម្រេចបានរបងផ្នែកខាងជើង និងកើត រីឯរបងផ្នែខាងលិច និងត្បូង (មិនទាន់ដំណើរការ) និង
-ការងារសាងសង់អគារសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទិន្នផលសរុប ៧០% ផងដែរ។

ឆ្លៀតពេលនោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងពីបញ្ហាប្រឈមនានា ដែលក្រុមការងារខេត្ត បានបញ្ចប់ការវាស់វែងស្រង់ទិន្នន័យដែលផលប៉ះពាល់ ដល់ប្រជាពលរដ្ឋដែលមានក្បាលដី នៅក្នុងតំបន់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីប្រជុំជននៃទីរួមខេត្តត្បូងឃ្មុំ និងផលប៉ះពាល់ដែលក្រុមការងារខេត្តនិងអន្តរក្រសួង បានប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមានក្បាលដីប៉ះពាល់ នៅទីតាំងអាងប្រព្រឹត្តិកម្ម ទឹកកខ្វក់ដែលបច្ចុប្បន្នកំពុងរង់ចាំប្លង់អាងប្រព្រឹត្តិកម្ម ដែលកែសម្រួល និងដើម្បីអនុវត្តបន្តទៀត
ឯកឧត្តម ប្រាជ្ញ ចន្ទ ផ្ដាំផ្ញើដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជួយជម្រុញការងារអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធ ក្នុងទីប្រជុំជននៃទីរួមខេត្តត្បូងឃ្មុំនេះ ទៅមុខឲ្យបានឆាប់រហ័ស ដែលជាផលប្រយោជន៍ប្រទេសជាតិទាំងមូលផងដែរ។
គូសបញ្ជាក់ថា ៖ ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល នៃទីរួមខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង នៃទីរួមខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ហើយដែលគ្រោងនិងបញ្ចប់កាសាងសង់ នៅឆ្នាំ២០១៨ ខាងមុខនេះផងដែរ៕

111015 Prach Chan 4

111015 Prach Chan 1

111015 Prach Chan 3

111015 Prach Chan 5