(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោលគឺ <<អ្នកចេះគឺជាប់>>។
ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ សឿ សុជាតា ប្រធានគណមេប្រយោគទូទាំងប្រទេស និងជាអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ-បាក់ឌុប ឆ្នាំសិក្សា២០២១-២០២២ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌលវិទ្យាល័យតេជោហ៊ុនសែនសួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបង្ហាញហឹបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល០២ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឲ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡង សាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។
សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ក៏មិនខុសពីឆ្នាំមុននោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានបន្តផ្ដល់ជូនបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់នៅទូទាំងខេត្តត្បូងឃ្មុំ សម្រាប់កន្លែងស្នាក់នៅ និងផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ជាមួយគ្ននានោះក៍បានរៀបចំក្រុមគ្រូពេទ្យនិងថ្នាំពេទ្យសម្រាប់ករណីបញ្ហាសុខភាពណាមួយសម្រាប់ក្មួយ ពិសេសបានចាត់កម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានសហការគ្នាតាមមើលថែការពារ២៤លើ២៤ម៉ោងផងដែរ។
បើតាមលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះខេត្តត្បូងឃ្មុំមានមណ្ឌលប្រឡងមានចំនួន ០៩ មណ្ឌល ដោយក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ០៣ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន០៦ មណ្ឌល មានបេក្ខជនសរុប៤៩៣៥នាក់ ក្នុងនោះស្រីមានចំនួន២៧៩០នាក់៕