រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពីធីក្រុងពាលីលើករូបសេះ និងរូបសំណាក់ហ្លួងព្រះស្ដេចកន ធ្វើពីស្ព័ន បន្ទាប់ពីសាងសង់បាន ៩០ភាគរយ គ្រោងបញ្ចប់ការសាងសង់ នាពេលឆាប់ៗខាងមុខនេះ


(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បានប្រារព្ធពីធីក្រុងពាលីលើករូបសេះ និងរូបសំណាក់ហ្លួងព្រះស្ដេចកន ធ្វើពីស្ព័ន តាមបែបប្រពៃណីសាសនា នៅរង្វង់មូលហ្លួងព្រះស្តេចកន ចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ១៥៧+២១០ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

គូសបញ្ជាក់ថា ៖ រូបសំណាក់ហ្លួងព្រះស្ដេចកន កម្ពស់ពីដីដល់ចុងកំពូល១៣,៣៥ម៉ែត្រ កម្ពស់សេះ និង រូប១១ម៉ែត្រ ធ្វើពីស្ព័ន គ្រឹះបេតុង និងរង្វង់មូលមានអង្កត់ផ្ចិត៣៦ម៉ែត្រ និងមានផ្ទៃក្រឡា១,០១៧ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងគ្រោងបញ្ចប់ការសាងសង់ នាពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះ រង្វង់មូលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី លើកកម្ពស់សោភ័ណភាព របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូលតំបន់រដ្ឋបាលខេត្ត និងសម្រួលដល់ការធ្វើដំណើរ និងដឹកបញ្ជូន ។

រង្វង់មូលដ៍ល្អមួយនេះ បានលេចចេញជារូបរៀងឡើង ពិតជាឆ្លុះបញ្ចាំងបង្ហាញយ៉ាងច្បាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមមានវឌ្ឍនភាពលើគ្រប់វិស័យគួរជាទីមោទន។

ជាពិសេសក្រោមការផ្តួចផ្តើមពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យសន្ទុះនៃការអភិវឌ្ឍន៍គ្រប់មូលដ្ឋាននៅក្នុងខេត្ត បាននឹងកំពុងអភិវឌ្ឍន៍កាន់តែប្រសើរឡើង ខណៈដែរការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។

សូមជម្រាបផងដែរថា រង្វង់មូល(ហ្លួងព្រះស្ដេចកន)នេះ គឺជាសមិទ្ធផលមួយថ្មី បន្ថែមលើសមិទ្ធផលជាច្រើនទៀត នៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ រួមមាន បុរីរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ទីរពេទ្យ សាលារៀន សួនច្បារសាធារណៈ ទន្លេសិប្បនិម្មិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត បង្គោលភ្លើងបំភ្លឺសាធារណៈ ដាំកូនឈើ ដាំផ្កាលម្អសោភ័ណភាព .ល. ដែលត្រូវបានស្ថាបនារួច ក៏ដូចជាកំពុងស្ថាបនាសាងសង់ និងរៀបចំជាបន្តបន្ទាប់៕