អភិបាលខេត្តត្បូងឃ្មុំ ប្រគេនទៀនព្រះវស្សា នៅវត្តទីបត្យារាម ហៅវត្តកោះត្រែង


ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ព្រមទាំងក្រុមគ្រួសារ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ បានអញ្ជើញចូលរួមពិធីសិតព្រះពុទ្ធរូបអង្គស្ពាន់ព្រះនាម ជិនរង្សី-នរោត្តម និងសិតទៀនព្រះវស្សា ដើម្បីតម្កល់ក្នុងវត្តទុកជាទីសក្ការៈ សម្រាប់ប្រជាពុទ្ធបរិស័ទទូទៅ។ព្រមទាំងបាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅទីអារាមវត្តទីបត្យារាម (ហៅវត្តកោះត្រែង) ស្ថិតនៅឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានព្រះសមាធិធម្ម យិត្ត សុខា ព្រះរាជាគណៈថ្នាក់ចិត្វា ព្រះព្រហ្មចរិយាញាណ ព្រះមេគណខេត្តត្បូងឃ្មុំ និងជាព្រះចៅអធិការវត្ត។ការនាំយកទៀនព្រះវស្សា និងទេយ្យទានទាំងនេះ ក៏ដើម្បីប្រមូលនូវបុណ្យកុសលទាំងឡាយកើតចេញពីសទ្ធាជ្រះថ្លានេះ ឧទ្ទិសជូនវិញ្ញាណក្ខន្ធ ដល់ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរ ទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិឱ្យបានទៅកាន់សុគតិភព និងចាប់បដិសន្ឋិនៅទីឋានដ៏គាប់ប្រសើរ ពិសេសបន្តថែរក្សារក្សាការពាររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជាបន្តមានសុខសន្តិភាព និងការអភិវឌ្ឍន៍ជារៀងដ៏រាប។សូមបញ្ជាក់ថា៖ ទៀនព្រះវស្សា និងទេយ្យទាន ដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំយកទៅវេរប្រគេនរួមមាន បច្ច័យ និងទៀនព្រះវស្សា១គូ សាដកចំនួន៩ អង្ករ២០០គីឡូក្រាម មី១កេះធំ ទឹកក្រូច៥កេះ ភេសជ្ជៈបាកាស២កេះ ទឹកសុទ្ធ១៥កេះ ទឹកដោះគោ១០កំប៉ុង ស្ករស១០គីឡូក្រាម តែ៣ថង់ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ត្រីខ១កេះធំ និងអំបិល១០គីឡូក្រាម៕