ឯកឧត្តម វង សូត៖ ថ្នាក់ដឹកនាំកំពូល គណបក្សប្រជាជនកម្ពុជា ជាឥស្សរជនដែលបានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា


(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា ការលះបង់តស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចពញាចក្រី ហេងសំរិន សម្តេចតេជោ ហ៊ុនសែន និងឥស្សរជនជាច្រើនរូបទៀត ដែលបានលះអាយុជីវិត សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តម វង សូត បន្ថែមថា ការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងភាពរីកច្រើនលើគ្រប់វិស័យ ។ យើងត្រូវរួមគ្នាការពារសុខសន្តិភាព យើងស្រលាញ់សន្តិភាព ដូច្នេះយើងប្រឆាំងដាច់ខាត ចំពោះក្រុមមនុស្ស ទាំងឡាយណាដែលចង់បំផ្លាញសុខសន្តិភាពរបស់យើង។

ការលើកឡើងរបស់ឯកឧត្តម វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានធ្វើឡើងខណៈលោក និងលោកស្រី ជួបសំណេះសំណាល ជាមួយកម្មករប្រមាណ២០០នាក់ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែមករ ឆ្នាំ២០២០។

នៅក្នុងពិធីនោះ ឯកឧត្តម វង សូត ក៏បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេល នៅគ្រាដែលបំពេញការងារពោលគឺ មិនត្រូវធ្វេសប្រហេសបង្កឲ្យមានគ្រោះថ្នាក់នោះទេ។

នៅក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ ក៏បានផ្តល់ថវិកា ដល់បងប្អូនកម្មករ កម្មការិនី ក្នុងម្នាក់ចំនួន៥ម៉ឺនរៀល និងពិសារអាហារសាមគ្គីជុំគ្នា ដើម្បីអបអរសាទរបុណ្យជាតិ៧ មករា ១៩៧៩ ៧មករា ២០២០ ដែលជាខួប៤១ឆ្នាំ នៃថ្ងៃជ័យជំនះនាំមកនូវសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ៕