ប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ណែនាំឲ្យក្រុមការងារត្រូវរួមគ្នា ដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសបញ្ហាដីធ្លី និងការរំលោភយកដីរដ្ឋ


(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ជួយក្រុង-ស្រុក នៃខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងពីវឌ្ឍនភាព ការរីកចម្រើនរបស់ខេត្ត និងសកម្មភាពនានាដែលរដ្ឋបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានបានរួមគ្នា សម្រេចបាននូវលទ្ធផលយ៉ាងច្រើន ពិសេសការដោះស្រាយ និងបំពេញសំណូមពរជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍តាមមូលដ្ឋាន។

ថ្លែងនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានធ្វើការជំរុញឲ្យក្រុមការងារយកចិត្តទុកដាក់ ជាពិសេស វត្តអារាម ចៅអធិការវត្ត អាចារ្យវត្តសារ៉ាវ សមាគមចិន លោកនាយកសាលា លោកគ្រូអ្នកគ្រូ ដែលសុទ្ធសឹងនៅគៀកជាប់ និងជាអ្នកដែលមានឥទ្ធិពល ទៅលើប្រជាពលរដ្ឋ លោកតាលោកតាយ និងសិស្សានុសិស្សក្នុងមូលដ្ឋានដែលចាំបាច់កុំមើលរំលងឲ្យសោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានណែនាំឲ្យក្រុមការងារដែលប្រកាសទទួលស្គាល់នាថ្ងៃនេះ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ត្រូវដោះស្រាយ និងបំបាត់បញ្ហានានាដូចជាជំលោះដីធ្លី ការរំលោភយកដីរដ្ឋជាដើម ពិសេសធានាឲ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានក្រើនរំលឹក ដល់ក្រុមការងារទាំងអស់ ត្រូវកំណត់ពេលប្រជុំ ពិភាគ្សាគ្នា បង្កើតក្រុម Telegram ថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីផ្តល់ដំណឹងនានាដល់គ្នា ពិសេសបន្តយកចិត្តទុកដាក់ចុះជួបប្រជាពលរដ្ឋ ទទួលរាល់សំណូមពរ និងដោះស្រាយបញ្ហាជូនបងប្អូនឲ្យមានប្រសិទ្ធភាព ព្រោះថាការយកចិត្តទុកដាក់ បណ្តុះការស្រលាញ់គាំទ្រពីប្រជាពលរដ្ឋ សន្លឹកឆ្នោតច្បាស់ណាស់ បងប្អូននឹងប្រគល់ឲ្យដោយឥតលាក់ខាន គឺជាអ្វីដែលថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រមុខ ចង់បានបំផុតនោះ៕ វ៉ាន់ វិរៈ