ការជួបជុំសប្បាយរីករាយក្រោមដំបូលសុខសន្តិភាព ក្នុងពិធីចាប់ត្រីបែបធម្មជាតិនៅបឹងក្រម ដោយឧបករណ៍បុរាណ


អភិបាលខេត្តត្បូងឃ្មុំ ទើបតែឡើងកាន់តំណែងថ្មី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អញ្ជើញចូលរួមជាមួយ ប្រជាពលរដ្ឋមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ ជួបជុំចុះចាប់ត្រី និងចំអិនបរិភោគជុំគ្នាយ៉ាងសប្បាយរីករាយ ក្នុងពិធីចាប់ត្រីបែបធម្មជាតិ នៅបឹងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលសង្កេតឃើញថា មានអ្នកចូលរួម ច្រើនជាងឆ្នាំកន្លងទៅ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបយើងមានឳកាសប្រារព្ធពិធីនេះឡើង ព្រមទាំងបានសប្បាយរីករាយជួបជុំគ្នានាពេលនេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បង្ហាញពីគម្រោងរៀបចំព្រៃលិចទឹកបន្ថែម និងលែងត្រីបន្ថែមទៀត ដើ​ម្បីឲ្យកន្លែងនេះសំបូរត្រី នៅពេលដែលដល់រដូវបងប្អូនប្រជាពលរដ្ឋ មកលេងកំសាន្ដចាប់ជុំគ្នាឆ្នាំក្រោយ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានសន្យាថានឹង មកចូលរួមព្រឹត្តិការណ៍ចាប់ត្រី ដែលផ្សារភ្ជាប់រវាងអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ បានរីករាយជួបជុំគ្នានេះ ជារៀងរាល់ឆ្នាំផងដែរ។

សូមបញ្ជាក់ថា៖ ពីធីចាប់ត្រីបែបធម្មជាតិនេះ ត្រូវបានរៀបចំឡើងជាយូរលង់ណាស់មកហើយ ដែលជាកេរដំណែលរបស់ដូនតាបន្សល់ទុក គឺឲ្យតែដល់រដូវប្រាំងដាច់ទឹកភ្លៀង បងប្អូនប្រជាពលរដ្ឋ តែងតែនាំគ្នា ប្រារព្ធពិធីចុះចាប់ត្រី តាមបែបធម្មជាតិ៕ ដោយ វ៉ាន់ វីរៈ