នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី២ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីសាលាខេត្ត ដែលពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនោះ មានរបៀបវារៈចំនួន៣ ដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖ ១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្តត្បូតឃ្មុំ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំ ខែមករា របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ផអ៣ ឆ្នាំ២០១៩ ៤-បញ្ហាផ្សេងៗ។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ាក ឡេង មានប្រសាសន៍ថា៖ ក្រុមប្រឹក្សាខេត្តបើកកិច្ចប្រជុំនាពេលនេះ ក្នុងទិសដៅបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើចំណុចខ្វះខាតមួយចំនួន និងកែតម្រូវ លើសេចក្តីព្រាង រាល់សកម្មភាពការងាររដ្ឋបាលខេត្ត និងការងាររបស់មន្ទីរ/អង្គភាពជុំវិញខេត្ត អនុវត្តបានរយ:ពេលកន្លងមកនេះ។ ឯកឧត្តម បន្តទៀតថា បន្ទាប់ពីគណ:អភិបាលខេត្ត ទទួលតួនាទី ភារកិច្ច តាមការបែងចែកជូនរួចមក ឯកឧត្តម បានស្នើរអោយបន្តសាមគ្គីភាព គ្នាក្នុងជួរគណ:អភិបាលខេត្តអោយបានល្អ, បំពេញតាមមុខងាររៀងខ្លួន ដោយមានទំនួលខុសត្រូវខ្ពស់ និងរួមគ្នាដឹកនាំគ្រប់គ្រងកិច្ចការរដ្ឋបាលដែនដី ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ធ្វើយ៉ាងណា អោយកំរិតជីវភាពកាន់តែល្អប្រសើរ ស្របទៅនឹងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឆ្នើម ពិសេសធ្វើយ៉ាងណាអោយដំណើរការការងារអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ កាន់តែល្អប្រសើរថែមទៀត។
នាឱកាសនោះផងដែរ ឯកឧត្តម ស៊ាក ឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានស្នើឲ្យនាយករដ្ឋបាល ក៏ដូចជាមន្ត្រីជុំនាញកែសម្រួលទៅលើអក្ខរាវិរុទ្ធ ដែលអង្គប្រជុំបានលើកឡើងផងដែរ ។ មួយវិញទៀត ក៏ស្នើទៅដល់មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសន្តិសុខ សណ្តាប់ធា្នប់របស់ប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែអភិវឌ្ឍន៍រីកចំរើនឡើង៕មុនីរម្យ
ប្រភព៖រដ្ឋបាលខេត្តត្បូងឃ្មុំ