ឯកឧត្តម សាយ សំអាល អញ្ជើញឃោសនារកសម្លេងឆ្នោតនៅឃុំមៀន ស្រុកអូររាំងឪ


អូររាំងឪ ២២​ កក្កដា ២០១៨៖ ឯកឧត្តម សាយ សំអាល់​ បេក្ខជនតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត នៅភូមិសោយ ឃុំមៀន ស្រុកអូររាំងឪខេត្តត្បូងឃ្មុំ​ ។

ឯកឧត្តម បានថ្លែងថា រាជរដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​និច្ច​កាល​ប្រកាន់​ខ្ជាប់​នូវគោលការណ៍​ ឧត្តម​គតិ​ និង​គោល​ជំហរដ៏មោះមុត​របស់​ខ្លួន​ ក្នុង​ការ​ដឹកនាំ​ប្រទេស​ ដោយ​មាន​មាគ៌ានយោបាយ​ដ៏​ត្រឹមត្រូវ​ ដើម្បី​បុព្វហេតុ​ជា​សារវ័ន្ត​ចម្បងៗ​ចំនួន​៤គឺ​

១) ​ការ​ពារ​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាពទឹកដី​ និង​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ​

២)​ទប់ស្កាត់​ការ​វិល​ត្រឡប់​នៃ​របប​ ប្រល័យពូជសាសន៍​ប៉ុល​ពត​

៣)​ ធានា​ការ​ពារ​សុខសន្តិភាព​ ស្ថិរភាព​ និង​ការ​បង្រួបបង្រួម​ឯកភាពជាតិ​ ​​ទឹក​ដី​​ ក្រោមដំបូល​​​រដ្ឋធម្មនុញ្ញ​តែ​មួយ​ ​​ និង​

៤)​ស្តារ​ កសាង​ ការ​ពារ​ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​រីកចម្រើន​លើគ្រប់​វិស័យ​។ ទាំង​នេះ​គឺ​ជា​បំណង​ជាយុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ឆ្លុះ​ឱ្យ​ឃើញ​នូវ​បំណង​ប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា​គ្រប់​ៗ​ជំនាន់​។