ឯកឧត្តម​ សាយ​ សំអាល់ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ១ខ្សែក្រាលគ្រួសក្រហមមានប្រវែង១.២០០មែត្រ​


ស្រុកអូររាំងឪ នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៨

ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ១ខ្សែក្រាលគ្រួសក្រហមមានប្រវែង១.២០០មែត្រ​ ពីភូមិយាកជើងទៅភូមិចន្លោង​ក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្រ្តី​ មានប្រសាសន៍​ថា ផ្លូវមួយខ្សែ​នៅឃុំដំរិលនេះ​ អាចសំរួលដល់ប្រជាពលរដ្ឋធ្វើដំណើរពីភូមិទៅភូមិមួយ​ ហើយក៏ជាសមិទ្ធផលមួយទៀតនៅដើមឆ្នាំ២០១៨​ ក្នុងចំណោមសមិទ្ធផលផ្សេងៗជាច្រើននៅក្នុងស្រុកអូររាំងឪ។

ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពិសេសនៅក្នុងឃុំដំរិលទាំងអស់​ ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលក្នុងការកសាង​ និងអភិវឌ្ឍន៍មូលដ្ឋានជាដើម។

គូសបញ្ជាក់ថា​ ផ្លូវលំ១ខ្សែក្រាលគ្រួសក្រហមមានប្រវែង១.២០០មែត្រ​ មានការគាំទ្រថវិកាពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។