(ត្បូងឃ្មុំ)៖ កុដិថ្មកំពស់២ជាន់ដ៍ធំស្កឹមស្កៃ រួមទាំងសមិទ្ធផលនានាក្នុង វត្តសង្ឃសាមីជប់ ហៅវត្តជប់ក្រៅ ដែលចំណាយថវិការសរុបអស់ចំនួន ១០.៦៤០០ដុល្លារ ត្រូវបាន ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវ សម្រាប់បំរើអោយវិស័យព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលសុទ្ធសឹងជាការចូលរួមចូលជាបច្ច័យរបស់ថ្នាក់ដឹកនាំ និងសប្បុរសជននានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ វិស័យព្រះពុទ្ធសាសនា។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា កម្ពុជាបច្ចុប្បន្នបានវិវឌ្ឍន៍ខ្លួនជាប្រទេសដែលមានចំណូលគួរសម បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ និងបន្តការអភិវឌ្ឍលើគ្រប់វិស័យដោយឥតឈប់ឈរ ប៉ុន្តែដើម្បីរក្សាបាននូវការរីកចម្រើននេះ ត្រូវពឹងផ្អែកលើកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាពសង្គមជាចម្បង។
ឯកឧត្តម លី ឡេង បញ្ជាក់ថា ដើម្បីថែរក្សាការពារសុខសន្តិភាពនេះបាន ចាំបាច់ត្រូវពឹងផ្អែកឲ្យមានការចូលរួមពីប្រជាពលរដ្ឋទូទៅ ហើយការចូលរួមនេះពុំចាំបាច់ចំណាយអ្វីទាំងអស់ គឺគ្រាន់តែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីបន្តគ្រប់គ្រងប្រទេស ព្រោះមានតែសម្តេចទេ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ទាំងធនធានមនុស្ស និងធនធានដទៃទៀត។
ជាពិសេស សូមប្រជាពលរដ្ឋកុំជឿតាមការញុះញង់ លាបពណ៌ បំបែកបំបាក់ នាំឲ្យមានការប្រកាន់ពូជសាសន៍ ព្រោះជាហេតុបណ្តាលឲ្យមានការបែកបាក់សាមគ្គីជាតិ។
ជាចុងក្រោយ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាគថវិកា ដើម្បីឧបត្ថម្ភដល់ការសាងសង់សមិទ្ធផលនានាក្នុងទីអារាមនេះ និងកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ចាប់ពីពេលនេះតទៅ ៕ #Tychhaylorn