សម្តេចតេជោ ហ៊ុន សែន ជួបនិស្សិតកម្ពុជានៅប៉េកាំង


 
សម្តេចតេជោ ហ៊ុន សែន ជួបនិស្សិតកម្ពុជានៅប៉េកាំង
នៅសណ្ឋាគារ China World Hotel រសៀលថ្ងទី ១៤ ខែ ឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត ខ្មែរជាង២០០ នាក់ដែលកំពុង សិក្សានៅប្រទេសចិន។
នៅមុនពិធីសំណេះសំណាល តំណាងនិស្សិតបានឡើងប្តេជ្ញាចិត្តខិតខំរៀនសូត្រ ធ្វើជាពលរដ្ឋល្អរបស់ សង្គមជាតិ ដែលគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ និស្សិតទាំងអស់បានថ្លែងអំណរគុណដល់ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមារញឹកពីការប្រជុំ កំពូលបានមកសួរសុខទុក្ខនិស្សិតដែលបញ្ជាក់ពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខ រាជរដ្ឋាភិបាល។ លោកជំទាវ ខែក កែមាលី អគ្គរាជទូតខ្មែរប្រចាំប្រទេសចិន ក៏បានឡើងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ដល់ សម្តេចតេជោ ប្រមុខដឹកនាំដែលបានផ្តល់នូវក្តីស្រឡាញ់ និងការយក ចិត្តទុកដាក់ខ្ពស់ចំពោះនិស្សិតដែលកំពុងបន្តការសិក្សានៅក្នុងប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន រីករាយខ្លាំងណាស់ដែលបានជួបសំណេះសំណាលជាមួយក្មួយនិស្សិត ដោយ ផ្ទាល់នៅទីនេះ។ សម្តេចតេជោ បានកោតសរសើរចំពោះនិស្សិតដែលបានខិតខំសិក្សារៀនសូត្រ ព្រម ទាំងបានបង្កើតជាសមាគមនិស្សិតដើម្បីជួយទំនុកបម្រុងគាំទ្រគ្នាទៅវិញទៅមក។ ពិតណាស់ ប្រសិនបើ ប្រទេសជាតិនៅមានសង្រ្គាមបាក់បែក គឺពុំមាននិស្សិតណាម្នាក់មានឱកាសបានមកសិក្សានៅបរទេស ដូចពេលនេះទេ។ ប្រទេសយើងគឺបានអភិវឌ្ឍន៌ពីគំនរផេះផង់ ពីបាតដៃទទេរ ដែលបានងើបឈរឡើង ជាបន្តបន្ទាប់ ដែលរយៈពេលជាង៣២ ឆ្នាំមកនេះ គឺប្រទេសយើងកាន់តែរីកលូតលាស់លឿនទៅមុខ ជានិច្ច។ នេះដោយសារប្រទេសយើងមានសុខសន្តិភាព។ សម្តេចតេជោ ក៏បានបញ្ជាក់ប្រាប់និស្សិតទាំង អស់ផងដែរថា អ្វីដែលរាជរដ្ឋាបាលកម្ពុជា និងរដ្ឋាភិបាលចិនចង់បាន គឺនិស្សិតត្រូវតាំងចិត្តសិក្សាអោយ បានជោគជ័យ។ យើងមកទីនេះ គឺមិនមែនមកធ្វើជាបងធំទេ គឺមកសិក្សាក្រេបយកចំណេះវិជ្ជាទៅ កសាងខ្លួនឯង កសាងក្រុមគ្រួសារ និងប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់និស្សិត ទាំងអស់ប្រឹងប្រែងសិក្សា និងគោរពច្បាប់ប្រទេសចិន អោយបានល្អ។
ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ បានជម្រាបជូននិស្សិតអោយដឹងផងដែរថា តាមរយៈ វេទិកានៃខ្សែក្រវ៉ាត់និងផ្លូវនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងប៉េកាំងថ្ងៃនេះ គឺនឹងផ្តល់នូវផល ប្រយោជន៌ដល់ប្រទេសក្រីក្រក្នុងតំបន់យ៉ាងច្រើន។ កម្ពុជានិងមិត្តចិន គឺយើងមានទំណាក់ទំនងល្អ ហើយទេសចរចិនក៏កំពុងសម្រុកមកទស្សនាកម្ពុជាផងដែរ ដែលបានបង្កើតការងារ និងប្រាក់ចំណូល យ៉ាងច្រើនសម្រាប់ពលរដ្ឋ នេះដោយសាកម្ពុជាយើងមានសន្តិភាព។ សម្តេចតេជោ បានបញ្ជាក់ផងដែរ ថា កម្ពុជាគឺគាំទ្រនយោបាយចិនតែ១ ប៉ុន្តែបើកឱកាសអោយប្រទេសនានាមកទស្សនាកម្ពុជា ក៏ដូចជា មកបណ្តាក់ទុនជាមួយការគាំទ្រ និងលើកទឹកចិត្តដូចៗគ្នា។ នៅថ្ងៃនេះសម្តេចតេជោ បានជម្រាបដល់ និស្សិតអំពីស្ថានភាពកងទ័ពស្ម័គ្រចិត្តកម្ពុជា៤រូបដែលបានពលី និង១នាក់ដែលរងរបួសនៅក្នុងបេសក កម្មអង្គការសហប្រជាជាតិនៅអហ្រ្វិកកណ្តាលកាលពីពេលថ្មីៗនេះ។ ទោះបីមានការបាត់បង់ជីវិតកង ទ័ព គឺ សម្តេចតេជោ មិនរាថយក្នុងការចូលរួមថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិឡើយ គឺនៅតែបន្តបេសកម្មនេះទៅមុខទៀត ព្រោះជាសេចក្តីសុខរបស់ពិភពលោករួម ព្រោះពេលនេះកម្ពុជា មានសន្តិភាព គឺត្រូវស្ម័គ្រចិត្តចូលរួមជួយថែរក្សាសន្តិភាពក្នុងប្រទេសដែលកំពុងមានសង្រ្គាម ដូចជានៅ អាហ្រ្វិកកណ្តាលនេះជាដើម។
ដោយបានមើលឃើញអំពីកង្វះខាតនិងសេចក្តីត្រូវការចាំបាច់របស់ក្មួយៗនិស្សិត សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនដល់និស្សិតផ្ទាល់ និងបានជួយដល់សមាគមនិស្សិតចំនួន ១ម៉ឺនដុល្លា ថែមទៀត បូកនឹងប្រាក់ឧបត្ថម្ភពី សភាពាណិជ្ជកម្ម ២ម៉ឺនដុល្លារ និងប្រាក់ឧបត្ថម្ភមួយចំនួនទៀត ពីមន្រ្តី រាជរដ្ឋាភិបាលដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ ដើម្បីទំនុកបម្រុងសមាគមនិស្សិតនៅប្រទេស ចិនអោយមានលទ្ឋភាពបន្តកិច្ចការរបស់ខ្លួន។ ពិធីសំណេះសំណាលនេះបានបញ្ចប់ទៅ ដោយបរិយា កាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕
170515 leng1