ឯកឧត្តម សុខ ឥសាន បកស្រាយអំពី ការប្រកាសឲ្យប្រើច្បាប់ដែលអង្គការនីតិបញ្ញាត្តិបានអនុម័តរួច ៖


បណ្តា សេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ ដែលត្រូវបានអង្គការនីតិបញ្ញាត្តិអនុម័តតាមនីតិវិធី ពីក្នុងអង្គប្រជុំរដ្ឋសភា បន្ទាប់ មកដល់អង្គប្រជុំព្រឹទ្ធសភា រួចហើយ សេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់នេះ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ ដើម្បីពិនិត្យពិភាក្សា ពីធម្មនុញភាព តើបណ្តាខ្លឹមសារនៅក្នុងច្បាប់នេះ មានអ្វីជាទំនាស់ជាមួយរដ្ឋធម្មនុញ ឬ ទេ ? ក្រោយពីពិនិត្យគ្រប់ជ្រុងជ្រោយរួចហើយ មិនមានបញ្ហាអ្វីប្រាស់ចាកពីខ្លឹមសាររដ្ឋធម្មនុញទេ ក្រុមប្រឹក្សាធម្មនុញ ចេញសេចក្តីសំរេចមួយច្បាប់បញ្ជាក់ថា សេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់នេះមានធម្មនុញភាពត្រឹមត្រូវ ។
បន្ទាប់ពីបានសេចក្តីសំរេចរបស់ ក្រុមប្រឹក្សាធម្មនុញហើយ បែបបទនឹងត្រូវបញ្ជូនទៅព្រះបរមរាជវាំង ដើម្បីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីទ្រង់ព្រះរាជទានថ្វាយព្រះហត្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ដែលអង្គនីតិប្បញត្តិបានអនុម័តរួចនោះ ជាធរមាន ។
មាត្រា២៨ ថ្មី ជំពូកទី ២ នៃរដ្ឋធម្មនុញព្រះរាជាណាចក្រកម្ពុជា ចែងថា ៖
ព្រះមហាក្សត្រទ្រង់ថ្វាយព្រះហត្ថលេខាលើព្រះរាជក្រមឲ្យប្រើ រដ្ឋធម្មនុញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យសព្វគ្រប់រួចហើយ និងទ្រង់ថ្វាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យ តាមសេចក្តីស្នើសុំពីគណៈរដ្ឋមន្ត្រី ។
ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចទ្រងថ្វាយព្រះហត្ថលេខានៅលើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យខាងកើតនេះ ទៅប្រមុខរដ្ឋស្តីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធិ ។
មាត្រា ៣០ ថ្មី ចែងថា ៖
ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានព្រឹទ្ធសភា ទទួលភារៈកិច្ចជាប្រមុខរដ្ឋស្តីទី ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារៈកិច្ចជាប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រ ពេលព្រះអង្គទ្រង់អវត្តមាន ការទទួលភារៈកិច្ចជាប្រមុខរដ្ឋស្តីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និង ទី ៣ នៃមាត្រា ១១ ថ្មី ។
មាត្រា ១១ ថ្មី ៖
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារៈកិច្ចជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រ ក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភា ជាអ្នកបំពេញភារៈកិច្ចនេះ ។
ដូច្នេះ នៅពេលអវត្តមាន ព្រះមហាក្សត្រ ដែលព្រះអង្គ ព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សម្តេច វិបុលសេនាភក្តី សាយ ឈុំ ទទួលភារៈកិច្ចជាប្រមុខរដ្ឋស្តីទី មានភារៈកិច្ចស្របច្បាប់ក្នុងការចុះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ។
ការនិយាយថា ព្រះមហាក្សត្រ មិនសព្វព្រះហប្ញទ័យ មិនចង់ថ្វាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់សពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលជនអគតិបានឃោសនាបំភាន់មតិសាធារណៈ ក្នុងចេតនាកេងចំណេញខាងនយោបាយ ។ ការនិយាយរបស់ពួកទាំងនេះបានរំលោភរដ្ឋធម្មនុញ និងជាការប្រមាថព្រះចេស្តារព្រះមហាក្សត្រ យ៉ាងជាក់ស្តែង មិនអាចប្រកែកបានទ្បើយ ។

Sok-Esan-3-6-2016