នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុង វេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទីIII របស់រាជរដ្ឋាភិបាលអានៅឯភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង ៧០០នាក់។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសថា នេះជាវេទិកាដែលរាជរដ្ឋាភិបាលចង់ស្តាប់ និងដោះស្រាយនូវ ផលលំបាក បញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅនឹងមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពាំនាំនូវបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលលោកទាំងពីរតែងតែពុះពារគ្រប់ឧបសគ្គ ដើម្បីធានានូវស្ថេរភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋអោយមានភាពស្ងប់ស្ងាត់ និងចូលរួមរក្សាអោយបាននូវស្ថេរភាពសង្គម និងជៀសវាងការចលាចលនានា ទៅតាមការអ៊ុចអាលរបស់ជនមួយចំនួន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់នូវការវិវឌ្ឍសេដ្ឋកិច្ច ជាពិសេសកំណើនក្នុងវិស័យកសិកម្ម ដែលកម្ពុជាបានឆ្លងផុតពីការខ្វះស្បៀង មកឈានដល់ការនាំចេញស្រូវប្រមាណ ៣ ទៅ ៤ លានតោន និងនាំចេញអង្ករជាង កន្លះលានតោន។ ហើយបច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងខ្នះខ្នែងស្វែងរកដៃគូវិនិយោគបរទេស និងក្នុងស្រុក ដើម្បីសហការអនុវត្តផលិតកម្មតាមកិច្ចសន្យា ក្នុងន័យធានានូវស្ថេរភាពទីផ្សារកសិផល។
វេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទីIII
តាមរយៈនៃវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហាប្រឈម និងការខ្វះខាតមួយចំនួនដូចជា ស្ថានភាពផ្លូវមានការលំបាក ខ្វះខាតការតបណ្តាញអគ្គិសនី ខ្វះខាតសម្ភារៈបរិក្ខាក្នុងសាលារៀន ស្នើស្តារប្រឡាយ១ខ្សែ ១០០០ម ខ្វះអណ្តូងទឹក និងបញ្ហាតម្លៃកសិផល និងសាច់សត្វ។ ឆ្លើយតបនឹងសំណើទាំងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានដោះស្រាយជួសជុលផ្លូវជូនប្រវែង ៧គម តបណ្តាញអគ្គិសនី ផ្តល់ការស្តារប្រឡាយ និងអណ្តូងទឹកចំនួន២កន្លែង។ ចំពោះបញ្ហាផ្សេងៗទៀត ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយក្រុមការងារចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង ដើម្បីឯកឧត្តមរដ្ឋមន្រ្តី ដោះស្រាយបន្ត។