សេចក្តីប្រកាស របស់ក្រសួងការបរទេសកម្ពុជា


160811 Sen4
ក្រសួងការបរទេសកម្ពុជា បានដាក់ក្នុងបញ្ជីខ្មៅនូវឈ្មោះសមាជិកសភាអូស្រ្តាលី លោក ហុង លឹម ដែលប្រមាថរបបដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ថាជារបបតិរិច្ឆាន ។ សេចក្តីប្រកាស របស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១០ ខែសីហានេះ បានចាត់ទុក លោក ហុង លីម ដែលមានដើមកំណើតខ្មែរ ជាជនមិនត្រូវបានស្វាគមន៍ Persona non grata សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ លោក ហុង លីម គឺជាសមាជិកសភារដ្ឋ Victoria នៃប្រទេសអូស្ត្រាលី ។
នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៤ ខែសីហា លោក ហុង លីម បានប្រើសម្តីប្រមាថ ចាត់ទុករបបនៅកម្ពុជាសព្វថ្ងៃ ជារបបតិរច្ឆាន ។ សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស នៅថ្ងៃនេះ បានសរសេរថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្កោលទោសយ៉ាងដាច់អហង្ការ លើបុគ្គលឈ្មោះ ហុង លីម នេះ ចំពោះការនិយាយបង្ខូចកិត្តិយស ដែលផ្ទុយទាំងស្រុងពីការពិតជាក់ស្តែងនៅកម្ពុជា។» សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា ការប្រមាថរបស់បុគ្គល ហុង លីមចំពោះប្រជាជាតិកម្ពុជានេះ បានជម្រុញឲ្យក្រសួងការបរទេស សម្រេចចាត់ទុកបុគ្គលនេះជា «ជនមិនត្រូវបានស្វាគមន៍ សម្រាប់ព្រះរាជាណាចក្រកម្ពុជា» ឡើយ ។ សម្តីប្រមាថរបស់ លោក ហុង លីម តាមវិទ្យុអាស៊ីសេរី បាននាំឱ្យមានការថ្កោលទោសពីមជ្ឈដ្ឋាននានា ។
ស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា នៃប្រទេសកម្ពុជាកាលពីម្សិលមិញ ក៏បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសបុគ្គល ឈ្មោះ ហុង លីម នេះ និងទាមទារអោយ លោក ហុង លីម ធ្វើការសុំទោសប្រជាជាតិខ្មែរ ជាសាធារណៈជាបន្ទាន់ ចំពោះការប្រើពាក្យប្រមាថហួសព្រំដែន ដែលពុំអាចទទួលយកបានពីប្រជាជាតិខ្មែរទាំងមូល ។
តំណាងក្រុមមន្ត្រីរាជការ… តំណាងសហគមន៍មិត្តប្រាសាទព្រះវិហារ… ក្រុមនិស្សិតនៃវិទ្យាស្ថានប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន… និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ត្រូវគេឃើញ បានធ្វើញ្ញត្តិទៅកាន់ស្ថាប័នកំពូលនៃប្រទេសកម្ពុជា ដោយថ្កោលទោសសម្តី របស់អ្នកតំណាងរាស្ត្រ អូស្ត្រាលី លោក ហុង លីម និងបានទទូចឲ្យស្ថានទូតអូស្ត្រាលីធ្វើអន្តរាគមន៍ ក្នុងសម្តីប្រមាថរបស់អ្នកតំណាងរាស្ត្រ អូស្ត្រាលី ប្រចាំរដ្ឋ Victoria នោះ។
យោងតាមសេចក្តីប្រកាសមួយ ពីស្ថានទូតអូស្ត្រាលីនៅថ្ងៃនេះ បានថ្លែងថា សម្តីនិយាយរបស់ លោក ហុង លីម មិនមែនជាការនិយាយតំណាងឱ្យរដ្ឋាភិបាលអូស្ត្រាលីនោះទេ ។ សេចក្តី ថ្លែងការណ៍ស្ថានទូតបាននិយាយថា លោក ហុង លីម មិនមែនជាសមាជិករដ្ឋាភិបាលសហព័ន្ធ… និងមិនមែនជាសមាជិកសភាសហព័ន្ធឡើយ ។ សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា អូស្ត្រាលីមានប្រពៃណីមុតមាំ លើទស្សនៈផ្សេងគ្នា ដែលផ្សាយតាមការជជែកជាសាធារណៈ និងបញ្ជាក់ថា នោះគឺជាចំណុចសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យ ។ សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា អូស្ត្រាលីទទួលស្គាល់លើបញ្ហាដែលបានលើកឡើងឡើងនេះ ។
សេចក្តីថ្លែងការណ៍បញ្ជាក់ចុងក្រោយថា អូស្ត្រាលីគាំទ្រវាយតម្លៃចំពោះទំនាក់ទំនងយូរ និងខ្លាំងក្លាជាមួយនឹងប្រទេសកម្ពុជា និងអូស្ត្រាលីនៅតែបន្តកិច្ចការគាំទ្រនោះជាដដែលថែមទៀត ។