ត្បូងឃ្មុំ ៖ នាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកួតកីឡាជាមិត្តភាព ដកស្រង់បទពិសោធន៍ អបអរសាទរខួបអនុស្សារីយ៍លើកទី ៣៧ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩-២០១៦ ក្រោមអធីបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងកីឡាករ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ៖ ការប្រកួតកីឡាលក្ខណៈជាមិត្តភាព ដកស្រង់បទពិសោធន៍ អបអរសាទរខួបអនុស្សារីយ៍លើកទី៣៧ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០១៦នេះ មាន ៣វិញ្ញាសារ រួមមាន៖ កីឡាវាយប៉េតង់ វាយសី និងកីឡាវាយកូនឃ្លីលើតុ ដែលមានក្រុមចូលរួមប្រកួតសរុបចំនួន១៣ក្រុម ដែលមកពីមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ។
ឆ្លងកាត់ការប្រកួតដ៍ស្វិតស្វាញរួចមក ជាលទ្ធផលការប្រកួតលើវិញ្ញាសារ កីឡាវាយ ប៉េតង់ លេខ១ បានទៅលើក្រុមសាលាខេត្តត្បូងឃ្មុំ លេខ២ បានទៅលើក្រុមមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្ត និងលេខ៣ បានទៅលើក្រុម មន្ទីរគណបក្សខេត្ត វិញ្ញាសារកីឡាវាយ សី លេខ១ បានទៅលើក្រុមមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ លេខ២ បានទៅលើក្រុម ស្នងការនគរបាលខេត្ត និងលេខ៣ បានទៅលើក្រុមសាលាខេត្តត្បូងឃ្មុំ និងវិញ្ញាសារ កីឡាវាយកូនឃ្លីលើតុ លេខ១និងលេខ២ បានទៅលើក្រុមមន្ទីរសុខាភិបាលខេត្ត និងទី៣ បានទៅលើក្រុម មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ៕