ខេត្តត្បូងឃ្មុំប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល២០២០ មានការបាញ់កាំជ្រួច ការប្រគុំតន្រ្តីរាំសប្បាយជុំគ្នា នៅមាត់ទន្លេសិប្បនិម្មិត មានប្រជាពលរដ្ឋចូលរួមប្រមាណជាង៤ម៉ឺននាក់


(ត្បូងឃ្មុំ)៖ ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋទូទាំងប្រទេសជួបជុំសប្បាយរីករាយ ជាពិសេសគ្រប់កម្មវិធីបុណ្យធំៗតែម្តង ក្នុងនោះខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត តែងតែដឹកនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋ រៀបចំព្រឹត្តិការណ៍ និងកម្មវិធីជួបជុំគ្រប់កម្មវិធីបុណ្យធំៗ ដូចទៅនឹងបណ្ដាខេត្តនានាផងដែរ។

ដោយឡែកក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០២០ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបន្តផ្ដល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ដោយរៀបចំមានជាការបាញ់កាំជ្រួច និងប្រគុំតន្ត្រីរាំលេងសប្បាយជុំគ្នាឆ្លងឆ្នាំថ្មី ដោយចាប់ពីម៉ោង 6:00 ល្ងាចរហូតដល់ការរាប់ថយក្រោយ ឆ្លងចូលថ្ងៃថ្មីឆ្នាំថ្មី ២០២០ ដែលរៀបចំឡើងនៅបរិវេណមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្តត្បូងឃ្មុំ ។

កម្មវិធីយ៉ាងអធិកអធមនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានមន្ត្រីរាជការទូទាំងខេត្ត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករប្រមាណជាង ៤ម៉ឺននាក់ ក្រោមស្នាមញញឹមសប្បាយរីករាយកងរំពង ពេញទីប្រារព្ធពិធី។

ក្នុងឪកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ព្រឹត្តិការណ៍សប្បាយរីករាយរបស់ពលរដ្ឋជួបជុំគ្នាទៅបានដូចពេលនេះ គឺសុទ្ធសឹងប្រព្រឹត្តិទៅបានក្រោមដំបូលសុខសន្តិភាព មានស្ថេរភាពក្នុងប្រទេស មានការរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលរុញច្រានឲ្យមានកម្មវិធីដ៍អធិកអធមទូទាំងប្រទេសបានកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសក្នុងខេត្តត្បូងឃ្មុំនេះតែម្តង។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រឆាំងដាច់ខាតជនអគតិ ដែលចង់ឲ្យប្រទេសជាតិចលាចល ដើម្បីឲ្យកម្ពុជាមានសុខសន្តិភាព មានឱកាសជួបជុំសប្បាយរីករាយបែបនេះជាបន្តទៅ ពិសេសលោកសន្យា រៀបចំព្រឹត្តិការបែបនេះជាបន្តរហូត ធ្វើយ៉ាងណាឲ្យពលរដ្ឋទូទាំងខេត្ត ជួបជុំគ្នាផ្តល់ស្នាមញញឹមដាក់គ្នា ស្រលាញ់រាប់អានគ្នា ក្រោមម្លប់សុខសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំយកមកបានទាំងលំបាកនោះ។

ក្រោមទឹកមុខសប្បាយរីករាយ រាំលេងស្រែកហ៊ោអបអរសាទរ របស់ប្រជាពលរដ្ឋដែលមកចូលរួម បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដែលតែងតែគិតគូរព្រួយបារម្ភពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសតែងតែរៀបចំព្រឹត្តិការណ៍សប្បាយជាបន្តបន្ទាប់ ដោយលោកបានផ្ដល់ភាពកក់ក្តៅ ជួបជុំសប្បាយរីករាយ ស្រលាញ់រាប់អានគ្នា ក៍ដូចជាជួយលើកមុខមាត់ខេត្តកូនពៅផងដែរ។