ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ណែនាំឲ្យសមាជិកគណបក្សទាំងអស់ នៅថ្ងៃទី៩វិច្ឆិការ រួមគ្នាជាមួយសម្តេចតេជោ រៀបចំពិសារអំបុកសាមគ្គី តាមវត្តអារាមទូទាំងខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ បានណែនាំឲ្យសមាជិកសមាជិកាគណបក្សប្រជាជនខេត្តត្បូងឃ្មុំទាំងអស់ រៀបចំជួបជុំគ្នានៅតាមវត្តអារាមទូទាំងខេត្ត ដើម្បីចូលរួមជាមួយសម្តេចតេជោ ពិសារ អំបុកសាមគ្គី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដែលជាការពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ។

 

ថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយដល់សមាជិកសមាជិកាគណបក្សប្រជាជនទូទាំងខេត្តត្បូងឃ្មុំ ស្តីពីវិធានការចាំបាច់សម្រាប់ សភាពការណ៍បច្ចុប្បន្ន ការរីកចំរើន បញ្ហាប្រឈម និងវិធានការចាំបាច់នានាដើម្បីធានា ដោយធ្វើយ៉ាងណាថែរក្សាឲ្យបាននូវ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិបន្ត នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងនូវសភាពការចុងក្រោយមួយចំនួន ពិសេសពាក់ព័ន្ធនឹងការបង្កចលាចល ក្នុងចលនាចេតនាចង់ធ្វើឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមជាថ្មីម្តងទៀត តាមរយៈនយោបាយបោកប្រាស់ ញ៉ុះញុង លាបពណ៍ របស់ជនក្បត់ជាតិ សម រង្ស៊ី។

 

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានប្រាប់ឲ្យសមាជិកគណបក្សទាំងអស់ អំពាវនាវបន្តឲ្យពលរដ្ឋ ដែលលង់ជឿតាមនយោបាយបោកប្រាស់របស់ជនក្បត់ជាតិរូបនោះ ភ្ញាក់ខ្លួន ចូលមកសារភាពនឹងមិនមានទោសទណ្ឌនោះទេ ផ្ទុយទៅវិញបើតែបន្តនោះ ច្បាស់ណាស់គុកនៅត្រពាំងផ្លុង រង់ចាំទទួលដូចជនក្បត់ជាតិ សម រង្ស៊ី ជាក់ជាមិនខាន ឲ្យតែហ៊ានឈានជើងជាន់ចូលមកទឹកដីកម្ពុជា៕