លើកទឹកចិត្តសិស្ស! ដូចដែលតាមសន្យា អភិបាលខេត្តត្បូងឃ្មុំ ផ្ដល់ជូនកុំព្យូទ័រដៃម្នាក់មួយគ្រឿង និងថវិកា៤២ម៉ឺនរៀល ដល់សិស្សទាំង១៥នាក់ ដែលប្រឡងជាប់បាក់ឌុប និទ្ទេសA


(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមទាំងអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុងស្រុក អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០១៩ ដែលជាប់និទ្ទេសA ទាំង១៥នាក់ និងអាណាព្យាបាលសិស្ស នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តបានផ្តល់ជូននូវកុំព្យូទ័រយួរដៃក្នុងម្នាក់១គ្រឿង ដែលជាថវិការរបស់ឯកឧត្តមផ្ទាល់ ព្រមទាំងថវិកា៤២ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្ត ដែលប្អូនៗក្មួយៗខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដោយប្រឡងបានជាប់សញ្ញាបត្រមធ្យមសិក្សាទោះទុតិយភូមិ ព្រមទាំងទទួលបាននិទ្ទេសAថែមទៀតនោះ ដែលជាកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រជាជនក្នុងខេត្តត្បូងឃ្មុំទាំងមូល។

ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលខិតខំបង្រៀនសិស្ស ព្រមទាំងមាតាបិតាដែលជួយជំរុញ និងទំនុកបំរុងកូនៗរបស់ខ្លួន រហូតសម្រេចលទ្ធផលដ៏ល្អនេះថ្ងៃនេះ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ដែលខិតខំសិក្សារៀនសូត្រ ជាពិសេសផ្ដល់នូវគន្លឹះសំខាន់ៗមួយចំនួនសម្រាប់បន្តទៅថ្នាក់បរិញ្ញាបត្រនៅឯមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា ក្នុងនោះមាន៣ចំណុចសំខាន់ គឺត្រូវមានចំណេះជំនាញ ភាសា និងកុំព្យូទ័រ ដែលលោកបានផ្ដល់ជូននាថ្ងៃនេះស្រាប់។

ក៍ដូចជាលើកទឹកចិត្តដល់សិស្សដែលប្រលងធ្លាក់ ត្រូវបង្កើនការខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ក៍បានបញ្ជាក់ថា ឯកឧត្តមសន្យានឹងបន្តផ្ដល់ជូននូវកុំព្យូទ័រ ដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេសA រៀងរាល់ឆ្នាំមិនថា ១៥នាក់ ២០នាក់ ឬ១០០នាក់ក៏ដោយ លោកនឹងខិតខំស្វះស្វែងរកទិញឱ្យក្មួយ ដើម្បីជាការលើកទឹកចិត្ត លើកការងារជួយជំរុញដល់ការសិក្សារបស់សិស្ស ដែលជាប្រភពធនធានដ៏មានតម្លៃសម្រាប់អភិវឌ្ឍន៍សង្គមជាតិនៅពេលអនាគត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានបង្ហាញនូវមោទនភាពចំពោះសិស្សានុសិស្សក្នុងខេត្តត្បូងឃ្មុំទាំងមូល ដែលបានប្រឡងជាប់ជាង ៣ពាន់នាក់ ក្នុងចំណោមជាង៤ពាន់នាក់ គឺជាប់រហូតដល់ជាង៧០% ដែលជាភាគរយខ្ពស់ជាងគេ នៅទូទាំងប្រទេស ក៍ដូចជាស្ថិតនៅលំដាប់លេខរៀងទី០៨ ខេត្តដែលមានសិស្សប្រឡងជាប់ច្រើន។

បើតាមលោក នូ ផល្លាភិវឌ្ឍន៍ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ ឲ្យដឹងថា ក្នុងខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡងបាក់ឌុប ឆ្នាំ២០១៩ មានសរុប៤១៥០នាក់ ស្រី២២៨៤នាក់ ក្នុងនោះបានប្រឡងជាប់សរុប ៣០៣៤នាក់ ស្រី ១៧៦១នាក់ ស្មើនឹង៧២.៩៣%។

សូមបញ្ជាក់ថា៖ ការផ្ដល់ជូនកុំព្យូទ័រនេះ គឺធ្វើតាមអ្វីដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ធ្លាប់បានសន្យា ថាផ្ដល់ជូនកុំព្យូទ័រ ដើម្បីជាការលើកទឹកចិត្ត ក្នុងគ្រាដែលឯកឧត្តមបណ្ឌិត ចុះជួបសំណេះសំណាលសិស្សានុសិស្ស តាមវិទ្យាល័យក្នុងខេត្ត ក្នុងរៀនវគ្គបំប៉នពិសេសដើម្បីត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិបាក់ឌុប កាលពីមុនសម័យប្រឡងឆ្នាំ២០១៩នេះ កាលពីពេលកន្លងទៅ៕ វ៉ាន់ វីរៈ