ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកទឹកចិត្តសិស្សឲ្យខិតខំប្រឹងប្រែងសិក្សា ដោយសន្យាផ្តល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ដល់សិស្សពូកែនិទ្ទេសA ទាំងអស់ក្នុងខេត្ត


(ត្បូងឃ្មុំ) ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ធ្វើការលើកទឹកចិត្ត ដោយសន្យាផ្តល់កុំព្យូទ័រយួរដៃ (computer latop) ម្នាក់មួយគ្រឿង ចំពោះសិស្សពូកែដែលប្រឡងជាប់បាននិន្ទេសA ខណៈកន្លងមកថ្នាក់ដឹកនាំ បានប្រគល់ម៉ូតូ មួយគ្រឿងជូនផងដែរ។

ជាមួយនឹងការជួបសំណេះសំណាល និងសន្យាផ្តល់រង្វាន់លើកទឹកចិត្ត ដើម្បីជួយជំរុញឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាពលរដ្ឋល្អ ជាសិស្សល្អ ជាទំពាំងមានគុណភាព និងរឹងមាំសម្រាប់សង្គមជាតិនាពេលអនាគតបែបនេះ ធ្វើឡើងនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំណាលជាមួយ សិស្សានុសិស្សវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា យុវជនសម័យតេជោ ពិតជាមានសំណាង ដែលមានឳកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយ ដើម្បីយកចំនេះដឹងទៅអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តមអភិបាលខេត្ត បន្តថា ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើអោយកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ មានការអភិវឌ្ឍន៍ រីកម្រើនលើគ្រប់វិស័យ ទើបប្រជាពលរដ្ឋមានឳកាសគ្រប់បែបយ៉ាង ក្នុងការរស់នៅប្រកបរបររកស៊ីចិញ្ចឹមជីវិត ពិសេសគឺមានឳកាសឲ្យ កូនៗដែលជាទំពាំងស្នងឫស្សីបានរៀនសូត្រ និងឳកាសការងារយ៉ាងច្រើនរង់ចាំពួកគាត់ទៅបំពេញ។

ឯកឧត្តម បន្ថែមថា ដូចនេះយើងត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពនេះឲ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ ។

ឯកឧត្តមអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ ក៍បានក្រើនរំលឹកដល់ប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវជៀសឆ្ងាយពីអំពើខុសច្បាប់ផ្សេងៗ ពិសេសគ្រឿងញៀន និងត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដោយត្រូវធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ដើម្បីអនាគតខ្លួន និងសង្គមជាតិទាំងមូល។

បន្ទាប់មក ឯកឧត្តម រួមទាំងថ្នាក់ដឹកនាំក្នុងខេត្ត អញ្ជើញទៅគោរព និងអុជធូប ផ្នូរកុមារា ហ៊ុន កំសត់ ដែលត្រូវជាកូនច្បង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន
ក្នុងបរិវេណវិទ្យាល័យនេះផងដែរ។