- ចំណាត់ការលើសំណង់ខុសច្បាប់
- ដោះស្រាយសំណងជូនពលរដ្ឋប៊ូឌីញ ដោយគ្មានហិង្សា
- សង់ផ្ទះតម្លៃទាបឲ្យពលរដ្ឋក្រីក្រ ៧ ៦៣៧ខ្នង
ជាមន្ត្រីរាជការដែលមានប្រជាប្រិយភាពជាងគេ ក្នុងចំណោមមន្ត្រីកំពូលៗនៅជួររដ្ឋាភិបាល ឯកឧត្តម ជា សុផារ៉ា បានក្លាយជានិមិត្តរូបមន្ត្រីគំរូក្នុងចិត្តប្រជាជនជាច្រើនក្នុងរាជធានីភ្នំពេញ ព្រោះលោកបានសម្រេចកិច្ចការជាហូរហែជូនជាច្រើនជូនប្រជាពលរដ្ឋ។ ចាប់តាំងពីការចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៦ តើអ្វីខ្លះជាសមិទ្ធផលការងាររបស់ក្រសួងដែនដីក្នុងអាណត្តិឯកឧត្តម ជា សុផារ៉ា?
ចំណាត់ការលើសំណង់ខុសច្បាប់ផ្សេងៗ
ទេសរដ្ឋមន្ត្រី រដ្ឋមន្ក្រីនៃក្រសួងរៀបចំដែនដីរូបនេះ បានចាត់ចំណាត់ការលើសំណង់ខុសច្បាប់ផ្សេងៗ ជាពិសេសសំណង់ NagaWorld ដែលបានសាងសង់លយចូលមកដល់ទីលានសាធារណៈ។ លោកបានសរសេរយ៉ាងម៉ឺងម៉ាត់នៅក្នុងទំព័រ Facebook ដែលលោកបានសរសេរថា ៖ «សំណង់ណាហ្គាកាន់តែហ៊ាន កាន់តែផ្គើន កាន់តែលយចេញមកផ្លូវសាធារណៈវាយចោលសិនកុំឲ្យធ្លាប់»។
ក្រោយមកសហគ្រាសកាស៊ីណូនេះ បានគោរពតាមការណែនាំក្នុងការរុះរើដំបូលបាំងទឹកភ្លៀង ដែលបានលយ ចេញមកលើផ្លូវសាធារណៈ ហើយ ក៏ត្រូវបានណែនាំឲ្យជួសជុលផ្លូវដើរនៅខាងមុខ NagaWorld ដែលបានរំលោភផ្លូវសាធារណៈផងដែរ។
បន្ថែមពីនេះ កាលនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រើកណ្ដាប់ដែកបំបែករបងក្រុមហ៊ុនលោកស្រីឧកញ៉ា ស៊ុយ សុផាន ដើម្បីបើកផ្លូវឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ បានសម្រេចជោគជ័យ។
ដោះស្រាយសំណងជូនពលរដ្ឋប៊ូឌីញ ដោយគ្មានហិង្សា
ឯកឧត្តម ជា សុផារ៉ា គឺជារដ្ឋមន្រ្តីទីមួយហើយដែលអាចដោះស្រាយបញ្ហាអូសបន្លាយរាប់ឆ្នាំកន្លងមកនេះជូនពលរដ្ឋដោយជោគជ័យ និងសន្តិភាព ហើយកំពុងទទួលបានប្រជាប្រិយភាព ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដម បានរៀបចំពិធីជប់លៀងជូនប្រជាពលរដ្ឋអគារប៊ូឌីញ «ស» ដោយការហូបនំបញ្ចុក នៅក្បែរអគារប៊ូឌីញផ្ទាល់តែម្ដង ដែលការជប់លៀងនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងអគារប៊ូឌីញនេះ បានព្រមព្រៀងលក់លំនៅដ្ឋានទៅឲ្យក្រុមហ៊ុនវិនិយោគអចលនទ្រព្យរបស់ជប៉ុន Arakawa ក្នុងមួយម៉ែត្រការ៉េ ១ ៤០០ដុល្លារអាមេរិក។
សង់ផ្ទះតម្លៃទាបឲ្យពលរដ្ឋក្រីក្រ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រុមហ៊ុន World Bridge Land និងក្រុម B & BM ក្នុងការសាងសង់លំនៅឋានមានសមរម្យ សម្រាប់លក់ជូនក្នុងតម្លៃទាបជាង ៣ម៉ឺនដុល្លារ និងបានសម្រេចបានលំនៅឋានតម្លៃទាបសរុបចំនួន ៧ ៦៣៧ខ្នង នៅពាក់កណ្ដាលឆ្នាំ ២០១៧។
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី ២៧ ខែមិថុនា កន្លងទៅថ្មីៗនេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រីនៃក្រសួងដែនដី បានថ្លែងក្នុងកិច្ចពិភាក្សាមួយស្ដីពី «វេទិកាលំនៅឋានជាតិ» ថា ក្រសួងដែនដីបាន នឹងបន្តអនុវត្តនូវគោលនយោបាយជាតិស្ដីអំពីលំនៅឋាន ដោយជម្រុញនិងគាំទ្រដល់ការអភិវឌ្ឍលំនៅឋានគ្រប់ប្រភេទ ដោយតម្រូវឲ្យលក់ក្នុងតម្លៃមធ្យមទាបជាង ៣ ម៉ឺនដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលមធ្យម និងទាប។ លោកបានគូសបញ្ជាក់ថា មន្ដ្រីរាជការ ក្រុមគ្រូបង្រៀន និងពលរដ្ឋមានចំណូលទាប នឹងអាចទទួលបានលំនៅឋាននេះ តាមរយៈការបង់រំលស់ប្រចាំខែ ដោយបង់ប្រាក់តិចនិងមានរយៈពេលវែង៕
ប្រភព៖ news.sabay.com.kh