សម្តេចតេជោ អំពាវនាវពលរដ្ឋ និងអាជ្ញាធរ ថែរក្សាប្រព័ន្ធធារាសាស្ត្រ ដែលរាជរដ្ឋាភិបាល ខិតខំកសាង


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរទាំងអស់ ចូលរួមថែរក្សា ប្រព័ន្ធធារាសាស្ត្រតូចធំ ដែលរាជរដ្ឋាភិបាល បានខិតខំកសាងនាពេលកន្លងមក និងកំពុងបន្តកសាងរៀលរាល់ថ្ងៃនេះ ។
តាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ​គឺតែងតែគិតគូជានិច្ច ក្នុងការផ្គត់ផ្គង់ទឹក ដល់ប្រជាកសិករយើង ។ ការកសាងប្រព័ន្ធធារាសាស្រ្តតូចធំ បន្ថែមបានកាន់តែច្រើនឡើងៗ គឺដើម្បីជួយដល់កសិករ ក្នុងការធ្វើស្រែចម្ការ និងដាំដុះដំណាំផ្សេងៗ ឲ្យកាន់តែទទួលបានផលខ្ពស់ ។

សម្តេចតេជោ បានបន្តថា “មួយរយៈកន្លងមកនេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងធ្វើការជួសជុល ស្តារ និងកសាងទំនប់ ប្រឡាយមេ មុនរដូវប្រាំង ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ ។ បន្ទាប់ពីទំនប់ ប្រឡាយមេ និងប្រឡាយទាំងនោះ ត្រូវបានជួសជុល ស្តារ និងកសាងរួចរាល់ហើយ ដីស្រែចម្ការរាប់ម៉ឺនហិកតា នឹងត្រូវធានាថា មានទឹកគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ពេញមួយរដូវប្រាំង”។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ដល់បងប្អូនប្រជាកសិករ និងអាជ្ញាធរ ត្រូវចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ឲ្យបានល្អ ​ដើម្បីយើងទាំងអស់គ្នា ប្រើប្រាស់បានយូរអង្វែង ៕

Hun Sen17