ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ១១ សីហា នេះដដែល បន្ទាប់ពីបានជួប លោកជំទាវ Bu Jianguo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជម្រាបលាពេលបញ្ចប់បេសកម្មការទូត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Wang Gang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្លូវ និងស្ពានរបស់រដ្ឋចិន (CRBC ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
លោក Wang Gang បានជម្រាបជូន សម្តេចតេជោ អំពីគម្រោងវិនិយោគមួយចំនួននៅកម្ពុជា ពិសេស គម្រោងសាងសង់ហេដ្ឋារចនាសម្ព័នដូចជាស្ពានធំៗ និងផ្លូវថ្នល់ជាដើម។ នៅក្នុងកិច្ចពិភាក្សាកាលពីរសៀលនេះ គឺភាគីក្រុមហ៊ុនចិនដែលជាក្រុមហ៊ុនលំដាប់ធំប្រកបដោយបទពិសោធន៍ បានធ្វើការផ្លាស់ប្តូរយោបល់ និងបានស្នើសុំការគាំទ្រពី សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋដែលជាគម្រោងអាទិភាពនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ខិតខំគៀងគរវិនិយោគិនបរទេស ដោយមិនគិតពីការនឿយហត់ ដើម្បីកសាងកម្ពុជាអោយក្លាយទៅជាប្រទេសរីកចម្រើន ជឿន លឿន ដែលប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវផលប្រយោជន៌គ្រប់ៗគ្នា៕