ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅម៉ោង ៧ ព្រលប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ បានរៀបចំព្រះរាជពិធីជប់លៀង សាយភោជន៌ ថ្វាយជាកិត្តិយសដល់ ព្រះអង្គម្ចាស់ក្សត្រី សិរិនថន នៅវិមានសន្តិភាព។
ការរៀបចំព្រះរាជពិធី លៀងសាយភោជន៌ ថ្វាយជាកិត្តិយសដល់ ព្រះអង្គម្ចាស់ក្សត្រីយ៍ នៃព្រះរាជាណាចក្រថៃ សិរិនថន នៅវិមានសន្តិភាព បន្ទាប់ពីព្រះអង្គបានជួប ពិភាក្សាការងារជាមួយ សម្តេចតេជោ កាលពីព្រឹកម្សិលមិញនេះ នៅក្នុងព្រះរាជដំណើរ យាងមកបំពេញទស្សនកិច្ច ជាផ្លូវការរបស់ព្រះអង្គ មកកាន់ព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា ព្រះអង្គម្ចាស់ក្សត្រីយ៍ សិរិនថន បានយាងមកមកបំពេញ ទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ កុម្ភៈ ឆ្នាំ២០១៦។ នៅអំឡុងពេល បំពេញព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ នឹងយាងចូលរួមក្នុង ព្រះរាជពិធីសម្ពោធ មណ្ឌលសុខភាពនៅ ខេត្តរតនគិរី និងស្លាកឈ្មោះថ្មីនៃ វិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល ខេត្តកំពង់ធំ និងនៅថ្ងៃ ២៣ កុម្ភៈ ព្រះអង្គនឹងយាងចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន សម្ពោធបើកការដ្ឋានសាងសង់ វិទ្យាស្ថានបច្ចេកវិទ្យា នៅខេត្តកំពង់ស្ពឺ ដែលជាវិទ្យាស្ថានស្ថិត ក្រោមគម្រោងព្រះរាជ អំណោយរបស់ ព្រះអង្គម្ចាស់ក្សត្រីយ៌ផងដែរ។
សម្ដេចបានសរសេរ បន្តទៀតថា កម្ពុជាសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះអង្គម្ចាស់ក្សត្រីយ៍ សិរិនថន ដែលព្រះអង្គបាន បរិច្ចាគថវិកា និងពេលវេលាដ៏មានតម្លៃ យាងមកបំពេញទស្សនកិច្ច និងផ្តល់ជាអំណោយ មនុស្សធម៌ផ្សេងៗរួមទាំង វិទ្យាស្ថានបច្ចេកវិទ្យា នៅកំពង់ស្ពឺ ដើម្បីចូលរួមលើកកម្ពស់ វិស័យអប់រំនៅកម្ពុជា។ តាមរយៈព្រះរាជសកម្មភាពនេះ គឺបានបង្ហាញនូវការ រួមចំណែកក្នុងការ ជួយកសាងកម្ពុជា និងពង្រឹងនូវទំនាក់ទំនង មិត្តភាព កម្ពុជា-ថៃ រឹតតែមានភាពល្អប្រសើរ ដែលបានផ្ដល់ ផលប្រយោជន៍ជាច្រើន ចំពោះប្រជាជននៃប្រទេសទ ទាំងពីរទៀតផង។
សម្ដេចក៏បានសរសេរ បញ្ជាក់ដែរថា ពិធីលៀងព្រះសាយភោជន៍ បានដំណើរការប្រកប ដោយបរិយាកាសរីករាយ មិត្តភាព និងស្និទ្ឋស្នាលបំផុត៕