ឯកឧត្តម វង សូត្រ អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតទទួលផ្ទះ នៅភូមិថ្លុកត្រាច ឃុំកក់


១៦-០១-២០១៦ : នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៦ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងចាប់ឆ្នោតយកលេខរៀងផ្ទះដែលជាអំណោយរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤៧ គ្រួសារ ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំ លោក ឡុង ធាម អភិបាលស្រុកពញាក្រែក លោក លោកស្រីអភិបាលរងស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ។
បន្ទាប់ពីការចាប់ឆ្នោតបានបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារ ក៏បានអញ្ជើញពិនិត្យការសាងសង់ និងរៀបចំសំអាតការដ្ឋាន ដែលពេលនេះជិតសម្រេច ១០០% ហើយ ដោយគ្រោងនឹងដាក់សម្ពោធ និងចែកជូនប្រជាពលរដ្ឋនៅក្នុងខែកុម្ភៈ ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ។

សម្ធិផលទាំងនេះ ជាស្នាដៃរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដែលបានសាងសង់ផ្ទះជូនប្រជាពលរដ្ឋបានជិត២០០ខ្នង ដោយមានទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ មានប្រឡាយទឹក ផ្លូវថ្នល់ក្រាលកៅស៊ូ ភ្លើងអគ្គិសនី នៅភូមអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតរបស់សម្តេច ដែលនៅជិតខ្សែក្រវ៉ាត់ព្រំដែនជាមួយប្រទេសវៀតណាម។
ការផ្តល់ផ្ទះជូនប្រជាពលរដ្ឋនេះ គឺបានធ្វើឡើងចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់ដើមឆ្នាំ២០១៦ នេះ។

តាមរបាយការណ៍បានឲ្យដឹងថា នៅភូមិអន្លង់ជ្រៃ៖ លើកទី១ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៩ ផ្តល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៤៦ខ្នង។ លើទី២ នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១១ ផ្តល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៤៩ខ្នង។ នៅភូមិថ្លុកត្រាច ៖ លើកទី១ ៖ នៅថ្ងៃទី៦ និងថ្ងៃ៧ ខែមេសា ឆ្នាំ២០១៣ ផ្តល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ១៦ខ្នង។ លើកទី២៖ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ផ្តល់ផ្ទះជូប្រជាពលរដ្ឋចំនួន ១០ខ្នង។ លើកទី3៖ គ្រោងនឹងធ្វើពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥៣ខ្នង នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការថា តំបន់អភិវឌ្ឍន៍ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ភូមិអន្លង់ជ្រៃ-ថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចម្ងាយពីភ្នំពេញតាមផ្លូវជាតិលេខ៨ មាន១៣១គីឡូម៉ែត្រ។
សម្តេចអគ្គមហាពញាចក្រី និងសប្បុរសជននានា បានសាងសង់ផ្ទះជូនប្រជាជនក្រីក្ររាប់រយខ្នង មានប្រឡាយទឹក ផ្លូវថ្នល់ក្រាលកៅស៊ូ ភ្លើងអគ្គិសនី ហើយដែលជាតំបន់ជាប់ព្រំដែនប្រទេសវៀតណាម។ ដែរនេះជាផ្នែកមួយនៃការកសាងបន្ទាត់ព្រំដែនស្ងប់ស្ងាត់ អោយក្លាយជាទីប្រជុំជន មានប្រជាជន ប្រព័ន្ធស្រោចស្រព មន្ទីពេទ្យ សាលារៀន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងក្លាយជាតំបន់ទេសចរណ៍មួយនាទិសឦសាន ប្រទេសកម្ពុជា៕

160116 Vong Soth1

160116 Vong Soth10

160116 Vong Soth11

160116 Vong Soth6

160116 Vong Soth8